(ភ្នំពេញ)៖ ក្រុមបឹងកេត នឹងបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គរ ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានខេមបូឌា-អ៊ែរវ៉េ។
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតធ្លាប់បាននិយាយលក្ខណៈលេងសើចថា ការចាប់ឆ្នោតប៉ះសូលទីឡូអង្គរ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នេះគឺជាឱកាសសងសឹករបស់ខ្លួន។ ការថ្លែងបែបនេះ គឺក្រោយបឹងកេតបានភ្លាត់ចាញ់សូលទីឡូអង្គរ ៥-៤ ក្នុងលីគកំពូលកម្ពុជា ជើងទី១ កាលពីពេលថ្មីៗ។ ដូច្នេះចាំមើលបឹងកេត អាចជម្រះបញ្ជីក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះបានទេ?
ម្ចាស់ពានគ្រូបង្វឹកមានប្រជាប្រិយភាពជាងគេឆ្នាំ២០១៨ រូបនេះធ្លាប់បាននិយាយថា «ការប៉ះសូលទីឡូអង្គរនេះ ប្រៀបដូចជាការផ្ដល់ឱកាសមួយ សម្រាប់យើងសងសឹក ដែលយើងចាញ់លីគ។ ប៉ុន្ដែយើងក៏មិនអាចមើលស្រាលសូលទីឡូអង្គរបានដែរ ព្រោះដូចយើងដឹងស្រាប់ ៨ក្រុមឡើងមកនេះ សុទ្ធតែជាក្រុមខ្លាំង បើគាត់ (សូលទីឡូអង្គរ) មិនខ្លាំង គាត់ក៏មិនឡើងដល់វគ្គនេះដែរ។ អ្វីដែលសំខាន់ យើងត្រូវរៀបចំក្រុមយើងឲ្យបានល្អ»។
យ៉ាងមិញលោកហាក់មានជំនឿចិត្តខ្ពស់ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីឆ្នាំនេះ បន្ទាប់ពីកូនក្រុមបានត្រៀមខ្លួនល្អប្រសើរជាងឆ្នាំមុនៗ។ លោកថា «ខ្ញុំអាចនិយាយបានថា កីឡាករបឹងកេត មានឱកាសច្រើន ដើម្បីប្រជែងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ដោយសារកីឡាករយុវជនពីមុន គាត់ចាប់ផ្ដើមមានទំនុកចិត្ត និងមានបទពិសោធន៍ច្រើនជាមួយការប្រកួតលីគ ពិសេសយើងបាន វឌ្ឍនាកា ធ្វើឲ្យតំបន់ប្រយុទ្ធយើងមានលទ្ធភាពច្រើន»។
គួរដឹងថា ការប្រកួតវគ្គ ១/៤ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ នឹងធ្វើឡើង ២ជើង ដោយជើងទី១ នឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែសីហា ខណៈជើងទី២ នឹងប្រកួតនាថ្ងៃទី២៨ ខែសីហាខាងមុខ។ ជាក់ស្ដែងថ្ងៃនេះ ក្រៅពីបឹងកេត ប៉ះសូលទីឡូអង្គរ នៅមានគូជក់ចិត្ត ២គូទៀត រួមមានវិសាខា បើកទ្វារផ្ទះទទួលក្រុមគិរីវង់ និងក្រុមភ្នំពេញក្រោន ប៉ះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ នាវេលាម៉ោង ៦ល្ងាចដូចគ្នា៕