(ភ្នំពេញ)៖ រឿងរ៉ាវខ្សែជីវិតរបស់តារាកំប្លែង នាយ តាក់ស៊ី បានក្លាយជាប្រធានបទមួយ​ កំពុងត្រូវបានមហាជនក្នុងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី​សម្រេច​ចិត្តបួសជាសង្ឃ ហើយមិនទាន់បានមួយចំអិនកំពិសផង ក៏សឹកមកធ្វើជាគ្រហស្ថធម្មតាវិញ ព្រោះតែជំងឺរួមរឹតពេញខ្លួនប្រាណ។ យ៉ាងណាមិញ​ ងាកមក​មើលជីវិតក្រោយ​លាចាកសិក្ខាបទ​របស់នាយ តាក់ស៊ី វិញហាក់លំបាកជាខ្លាំង ខណៈខ្លួនក៏មានជំងឺ ការងារក៏បានត្រឹមជាបុគ្គិលបណ្តែត ហើយប្រពន្ធរបស់លោក​ គឺនាង ភីម ក៏បាន​សម្រេចចែកផ្លូវគ្នាទៀត។

ជាការកត់សម្គាល់ បន្ទាប់ពីសឹកពីបួស នាយ តាក់ស៊ី ត្រូវបានមហាជនសង្កេតឃើញថា បានបាត់បង់អស់អ្វីៗគ្រប់យ៉ាង ហើយថ្មីៗនេះ ក្នុងពេលឆ្លើយឆ្លងរួមគ្នាជាមួយលោក ហេង ឡុង តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN រូបនេះ ក៏បានប្រាប់ច្បាស់ថាខ្លួន និងភរិយា បានបញ្ចប់គ្នាទៅហើយ ខណៈដំណឹងនេះរឹតតែធ្វើឲ្យអ្នកគាំទ្រ កាន់តែស្លុត​ចិត្តថែមទៀត រហូតដល់មាន​អ្នកលេងបណ្តាញសង្គមមួយចំនួន ដាក់កំហុសទៅលើនាងភីមថា ក្រោយពេលប្តីធ្លាក់ខ្លួន បែរជាបោះបង់ចោល ដូចសត្វធាតុ មិនស្តាយស្រណោះ គ្រាដើមបន្តិចសោះ។​ តែយ៉ាងណា ក៏មានបុគ្គលមួយចំនួនបញ្ចេញមតិថា ព្រោះតែទ្រាំលែងបានជាមួយ​ នាយ ​តាក់ស៊ី និយាយមិនស្តាប់ ចង់ធ្វើអ្វីតាមតែអំពើចិត្ត ប្រៀបបានខ្លួននៅទំនេរ​​ គ្មានប្រពន្ធកូនក្នុងបន្ទុក ទើបនាងឆ្អែតចិត្ត ដល់ថ្នាក់ចែកផ្លូវតែម្តង។

ជុំវិញចម្ងល់ និងពាក្យពេចន៍វាយប្រហារ មិនទុកផ្លូវឲ្យ នាងភីម យ៉ាងដូច្នេះ មានប្រភពច្បាស់ការមួយបានបង្ហើបថា នាងបានលះលែងគ្នាហើយ តាំងពីមុនពេលទៅបួសម្ល៉េះ ដោយបានផ្ដិតមេដៃដឹងឮពីគ្រួសារ និងមន្ត្រីអាជ្ញាធរ រួចរាល់អស់ហើយ ដោយសារតែចំណងអាពាហ៍ពិពាហ៍ គ្មានអេតាស៊ីវិល​ទើបងាយស្រួលលែងលះ។

ប្រភពបន្តថា តារាកំប្លែងសាច់សខ្ចីគាប់ភ្នែកកន្លង់ក្មេងចាស់ នាងភីម បានផ្ដិតមេដៃលែងគ្នា មូលហេតុដែលធ្វើឲ្យនាង មិនមែនមិនអាចទទួលយក នាយតាក់ស៊ីវិញនោះទេ ប៉ុន្តែមកពីនាងអស់សង្ឃឹមនឹងយកលោក មកធ្វើជាស្វាមីម្ដងទៀត និងស្ម័គ្រដើរជីវិតរៀងខ្លួន ដោយក្នុងរយៈពេលនៃការរួមរស់ នាង និងកូនប្រុស ពិបាកផ្លូវចិត្តយ៉ាងខ្លាំង ពោលគឺពេលលោកចង់ធ្វើអ្វី ក៏ធ្វើតាមចិត្តចង់ ដូចមនុស្សគ្មានប្រពន្ធកូន។

លើសពីនេះទៀត នាងភីម ក៏បានប្រកាសជំហរមិនទទួលយកនាយ តាក់ស៊ី ជាស្វាមីវិញទេ ប៉ុន្តែនៅរាប់អានគ្នា ដោយឡើងចុះទៅមើលលោក និងឲ្យលោកចេញ​ចូលផ្ទះដូចបងប្រុស ម្ដងម្កាលបាន។

យ៉ាងណាមិញ​ ជុំវិញរឿងដ៏រសើបនេះ ក្រុមការងារ​មិនអាចទាក់ទងទៅ​នាងភីម ដើម្បីសាកសួរព័ត៌មានលំអិតបានទេ ដោយសារតែអ្វីៗត្រូវបាននាងព្រលយថា​ មិនចង់មានព័ត៌មាន វែងឆ្ងាយអ្វីទៀតឡើយ ពោលគឺសុំបញ្ចប់ត្រឹមហ្នឹងទៅចុះ៕