(ហូជីមិញ)៖ លោក Hoang Anh Tuan គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំវៀតណាម ប្រកាសចុះចេញពីតំណែងភ្លាមៗ បន្ទាប់ពីដឹកនាំក្រុម​ប្រកួតចាញ់ក្រុមជម្រើសជាតិ U-18 កម្ពុជា ដោយលទ្ធផល ២-១ ក្នុងជំនួបចុងក្រោយ នៃពានរង្វាន់ AFF U-18 Championship 2019 ប្រចាំពូល B នៅទីក្រុងហូជីមិញ កាលពីល្ងាចមិញ ។

យោងតាមសារព័ត៌មានវៀតណាម(vnexpress.net) បានបញ្ជាក់ថា ក្រោយក្រុម U-18 វៀតណាម ចាញ់ក្រុម U-18 កម្ពុជា លោក Hoang Anh Tuan បានស្នើទៅ​សហព័ន្ធកីឡាបាល់ទាត់វៀតណាម(VFF) ដើម្បីលាលែងពីតំណែង ហើយសហព័ន្ធក៏បានយល់ព្រមភ្លាមៗផងដែរ បន្ទាប់ពីលោកដឹកនាំក្រុមទទួលលទ្ធផលមិនបានល្អ ដោយ​មិនត្រឹមចាញ់ក្រុមគោព្រៃជំទង់កម្ពុជានោះទេ ថែមទាំងធ្លាក់ត្រឹមវគ្គជម្រុះថែមទៀត ។

ប្រភពព័ត៌មានខាងលើបានសង្កត់ធ្ងន់ទៀតថា «នេះជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រហើយ ដែលវៀតណាមចាញ់កម្ពុជាក្នុងការប្រកួតផ្លូវការបែបនេះ ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះវៀតណាម របូតឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-18 Championship 2019 ។ បន្ទាប់ពីការប្រកួតលោក Hoang Anh Tuan បាននិយាយថា គាត់គ្មានអ្វី ដើម្បីដោះសារ ចំពោះការបរាជ័យនេះឡើយ»

គួរបញ្ជាក់ថា លោក Hoang Anh Tuan បានដឹកនាំក្រុមយុវជនវៀតណាម តាំងពីឆ្នាំ២០១៥ មកម្លេះ ហើយនៅឆ្នាំ២០១៦ លោកធ្លាប់ជួយក្រុមខេត្តហាយហៃ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Asian Cup U-19 និងបានរួមចំណែកជួយក្រុមជម្រើសជាតិ U-20 វៀតណាម ចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup U20 លើកដំបូង កាលពីឆ្នាំ២០១៧ ផងដែរ៕