(ភ្នំពេញ)៖​ ទីបំផុសលោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា បានទម្លាយការពិត ជុំវិញការផ្លាស់ប្ដូរកីឡាករលេងគ្រប់ៗ ក្នុងការប្រកួតពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាមហើយ បន្ទាប់ពីលោកដឹកនាំក្រុមត្រឡប់មកដល់កម្ពុជាល្ងាចមិញ ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បាននិយាយថា «ខ្ញុំផ្លាស់ប្ដូរកីឡាករលេងគ្រប់ប្រកួតដូច្នេះ ព្រោះខ្ញុំមើលការលេងរបស់កីឡាករទាំងអស់ ។ ណាមួយការប្រកួតនេះ មានរហូតដល់ ៥ប្រកួត អញ្ចឹងយើងមិនអាចប្រើកីឡាករដដែលៗបានទេ ព្រោះហួសកម្លាំងរបស់ពួកគាត់ ហេតុនេះទើបខ្ញុំមានការផ្លាស់ប្ដូរបែបនេះ»

យ៉ាងណាមិញលោកបានមើលឃើញចំណុចល្អ ២ប្រកួត ដែលកីឡាករ U-18 កម្ពុជាធ្វើបានល្អ គឺពេលប៉ះថៃ និងវៀតណាម ។ លោកថា «ខ្ញុំមើលឃើញចំណុចល្អ ពេលឈ្នះថៃ និងវៀតណាម កីឡាកររបស់យើង មានការយកចិត្តទុក និងប្រមូលអារម្មណ៍លេងបានល្អ និយាយទៅចង់ឈ្នះមែនទែន សម្រាប់ ២ប្រកួតនេះ»

បន្ថែមលើនេះ លោកបានវាយតម្លៃជាវិជ្ជមាន ចំពោះបេសកកម្ម ក្រោមការដឹកនាំលើកដំបូងរបស់ខ្លួន ទោះមិនបានឡើងវគ្គ ៤ក្រុមចុងក្រោយក៏ពិតមែន តែលោកបានសប្បាយចិត្ត សម្រាប់ការទទួលបាននូវមេរៀនថ្មី សម្រាប់អភិវឌ្ឍន៍សមត្ថភាពបន្ថែម ។ លោកថា ការប្រកួតនេះ ទទួលបានទាំងវិជ្ជមាន និងអវិជ្ជមាន ហេតុនេះយើងត្រូវខិតខំហ្វឹកហាត់បន្ថែម ដើម្បីបំពេញចំណុចខ្វះខាត៕