(បរទេស)៖ តារាហូលីវូដដ៏ល្បីល្បាញកាលពីឆ្នាំ ១៩៦៩ តាមរយៈសម្តែងក្នុងភាពយន្ត «Easy Rider» គឺលោក Peter Fonda បានទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំ នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារជំងឺមហារីកសួត។ នេះបើយោងតាមសំដីរបស់ក្រុមគ្រួសារ Peter Fonda ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik​ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩។

ក្រុមគ្រួសារបស់ Peter Fonda បានប្រាប់កាសែតក្នុងស្រុកថា «នេះគឺជា ដំណឹងដ៏ក្រៀមក្រំបំផុត ដែលពួកយើងចែករំលែកព័ត៌មាននេះ គឺ Peter Fonda បានទទួលមរណភាពហើយ។ Peter Fonda ចែកឋាននៅព្រឹកថ្ងៃសុក្រ ខែសីហា នៅវេលាម៉ោង ១១៖០៥ ព្រឹក ម៉ោងនៅទីក្រុង Los Angesles ក្នុងផ្ទះរបស់លោក នៅទីក្រុង Los Angeles ដែលមានសមាជិកគ្រួសារជាច្រើននាក់នៅជុំវិញគាត់។ មូលហេតុដែល Peter Fonda ទទួលមរណភាព ដោយសារលោកពិបាកដកដង្ហើម ព្រោះតែមានជំងឺមហារីកសួត»

ស្ថិតក្នុងពេលវេលាដ៏សោកសៅបំផុតក្នុងឆាកជីវិត យើងពិតជាមិនអាចរកពាក្យអ្វី មកនិយាយបានឡើយ ដើម្បីបង្ហាញពីការឈឺចាប់ក្នុងចិត្ត ខណៈដែលពួកយើងកំពុងមានទុក្ខដ៏ក្រៀមក្រំនេះ យើងស្នើសុំឲ្យមានការគោរពនូវសិទ្ធិឯកជនរបស់យើង។ Peter ជាបុរសដ៏អស្ចារ្យ និងគួរឲ្យគោរព សូមឲ្យគាត់ទទួលបាននូវសេរីភាពថ្មីមួយ, នេះជាសំដីរបស់សមាជិកគ្រួសារ Peter Fonda។

គួរជម្រាបថា Peter Fonda ដែលមានប្អូនស្រីឈ្មោះ គឺ Jane Fonda និងឪពុករបស់លោកធ្លាប់ជាតារាភាពយន្ត ឈ្មោះ Henry Fonda សុទ្ធតែត្រូវបានគេដឹងថា ជាតារាហូលីវូដ ដ៏ល្បីល្បាញ។ Peter Fonda ត្រូវបានមហាជនស្គាល់ច្រើន តាមរយៈសម្តែងជាតួប្រុសជិះម៉ូតម៉ាក់ Wyatt ជាអ្នករត់ពន្ធកូកាអ៊ីន ក្នុងភាពយន្ត «Easy Rider»។ លើសពីនេះ Peter Fonda បានឈ្នះពានរង្វាន់ Golden Globe ក្នុងនាមជាតារាប្រុសសម្តែងដ៏ឆ្នើមផងដែរ៕