(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរបស់ខ្មែរ មានចំណងជើងថា «វាលប្រមាញ់» ដែលត្រូវបានគេដឹងថា ដឹកនាំសម្ដែងដោយផលិតករមកពីបរទេស និងចាយទុនផលិតអស់ប្រមាណជាង១លានដុល្លារ បានបង្ហាញពីទេសភាព និងសក្កតានុពលរីកចម្រើននៅក្នុងខេត្តកោះកុង នឹងត្រូវបង្ហាញវត្តមានបញ្ចាំងនៅក្នុងខែកញ្ញាខាងមុខនេះ។
មកទល់ពេលនេះ ឈុតខ្លីរបស់ភាពយន្តរឿង «វាលប្រមាញ់ ឬ The Prey» ដែលផលិត និងដឹកនាំរឿងដោយលោក ជីមី ហេនឌ័រសុន (Jimmy Henderson) ដែលទស្សនិកជនទូទៅស្គាល់ថាជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូបផ្នែកភាពយន្តបែប Action កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពយន្តនេះ ពោរពេញដោយឈុតឆាកវាយតប់ បាញ់ប្រហារ និងផ្សងព្រេង។ ភាពយន្តនេះក៏មានការចូលរួមសហការផលិត ពី «ផលិតកម្មកងចក្រភីកឈ័រ» ដែលបានផលិតភាពយន្តខ្មែររឿង Jailbreak ដ៏ល្បីកាលពីឆ្នាំ ២០១៧ ផងដែរ។
ភាពយន្តនេះទទួលបានការចាប់អារម្មណ៍ គឺដោយសារតែខ្ទង់ផលិតត្រូវបានគេអះអាងថា អស់ជាង១លានដុល្លារសហរដ្ឋអាមេរិក ដោយបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៅក្នុងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ ភាពយន្តរឿង«វាលប្រមាញ់» ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបមកពីប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសថៃ។ ជាពិសេសក៏មានការចូលរួមពីក្រុមល្បុក្កតោខ្មែរ ក្នុងឈុតដ៏គ្រោះថ្នាក់ផងដែរ។ លោក ហ្សង់ ប៉ូលី ដែលជាតួឯកក្នុងរឿង Jailbreak គឺជាអ្នកដឹកនាំប្លង់វ៉ៃតប់ បាញ់ប្រហារ ដោយផ្ទាល់សម្រាប់ភាពយន្តថ្មីនេះ។
ភាពយន្តនេះគ្រោងនឹងបង្ហាញជាផ្លូវការនៅថ្ងៃទី ១៣ កញ្ញា ២០១៩ ដែលឧបត្ថម្ភ ដោយ Hard Rock Cafe Phnom Penh។ ចំណែកកម្មវិធីសម្ពោធភាពយន្តនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៧ កញ្ញា ២០១៩ ខណៈដែលការចាក់បញ្ចាំងលក់សំបុត្រត្រូវចាប់ផ្ដើមពីថ្ងៃទី១៩ កញ្ញា តទៅ។
ភាពយន្តនេះនិយាយពី ភ្នាក់ងារសំងាត់ចិនឈ្មោះ Xin បានទទួលបេសកកម្មដ៏សំខាន់មួយជាលក្ខណៈអន្តរជាតិ។ គាត់ត្រូវបានគេចាប់បញ្ជូនទៅកាន់គុកនៅក្នុងព្រៃមួយកន្លែងនៃប្រទេសកម្ពុជា ដែលអនុវត្តច្បាប់ដាច់ដោយឡែក។ នៅទីនោះ អ្នកដែលមកកម្សាន្តគឺជាប្រភេទមនុស្សដែលមានប្រាក់ច្រើនដ៏គួរអោយខ្លាច ចំណែកអ្នកទោសក្នុងគុកបានក្លាយជាកូនអុកសម្រាប់ការលេងល្បែងបរបាញ់មនុស្ស។ អស់ពេលជាច្រើនឆ្នាំនៃការបង្ក្រាបបទឧក្រិដ្ឋកម្មដោយគ្មានត្រាប្រណី Xin បានស្គាល់ពីខ្លួនឯង ហើយប្រឹងរត់គេចពីការតាមសម្លាប់របស់អ្នកប្រមាញ់ និង តស៊ូប្រយុទ្ធដើម្បីសេរីភាព មុនពេលដែលរូបគាត់ត្រូវក្លាយជារង្វាន់របស់អ្នកប្រមាញ់។ សំនួរមួយដ៏សំខាន់ តើ Xin អាចរត់គេចពីល្បែងដ៏គ្រោះថ្នាក់ និងអាចមានជីវិតរស់នៅដែររឺទេ?