(ភ្នំពេញ)៖ តារាសម្តែងប្រុសលោក តុប វិសាស ដែលទស្សនិកជនភាគច្រើនស្គាល់ តាមរយៈចូលរួមសម្តែងភាពយន្តជីវិត មានចំណងជើងថា «បងប្អូន» ថ្មីៗកន្លងទៅនេះ បានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News និងបកស្រាយនូវអាថ៌កំបាំងជាច្រើន ដែលទស្សនិជនមិនធ្លាប់បានជ្រាប់ពីមុនមក។ ទោះបីជាការងារសិល្បៈ កំពុងហក់ឡើងយ៉ាងណាក្តី តែតារាប្រុសរូបនេះ មិនបានបោះបង់ចោលការសិក្សាឡើយ ដោយបច្ចុប្បន្នកំពុងត្រៀមថតភាពយន្តថ្មីមួយ ទុកជាចំណងដៃចុងក្រោយ មុននឹងទៅបន្តការសិក្សា នៅប្រទេសជប៉ុនជាមួយនឹងភរិយា។

ទស្សនិកជនប្រហែលជាចាប់អារម្មណ៍ខ្លាំងណាស់ហើយ ពេលឮពាក្យថា «ភរិយា» ព្រោះតារាប្រុសរូបនេះ មិនធ្លាប់បានទម្លាយពីមុនមកទេ នូវរឿងឯកជនរបស់ខ្លួន ហើយរឹតតែមិនដឹងទៀតនោះ គឺតារារូបនេះមានប្រពន្ធហើយ ខណៈមានទស្សនិកជនខ្លះកំពុងលង់ស្នេហ៍ ហើយគិតថាលោកនៅលីវជាដើម។ តាមពិតទៅ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក តុប វិសាស បានបកស្រាយថា លោកបានរៀបការតាំងពីខែឧសភា ឆ្នាំនេះមកម្ល៉េះ ដោយមិនមានគម្រោងទេ តែត្រូវទៅសិក្សារនៅជប៉ុនជាមួយគ្នា ទើបរៀបការឲ្យឆាប់តែម្តង។ លោកថា តាមពិតទៅគម្រោងរៀបការ​ គឺនៅឆ្នាំក្រោយឯណោះ។

លោក តុប វិសាល បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់ការថតភាពយន្តជីវិតរឿង «បងប្អូន» ដែលសម្តែងជាតួប្អូនប្រុស របស់លោក ម៉ឺន ឯកសុភារិទ្ធ បច្ចុប្បន្ននេះ លោកកំពុងត្រៀមថតនូវភាពយន្តថ្មីមួយទៀត។ ហើយការថតភាពយន្តលើកនេះ គឺជាចំណងដៃចុងក្រោយ ព្រោះនៅខែខាងមុខនេះ ពោលគឺអំឡុងខែ ៩ លោកនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនជាមួយនឹងភរិយា។ លោកថា ភរិយារបស់លោកជាអាហាររូបករណ៍ទៅសិក្សាផ្នែកពេទ្រ ហើយលោក គឺរៀនផ្នែកសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោក តុប វិសាល បានបង្ហាញពីលក្ខណៈពិសេសរបស់ភរិយាថា មានសុជីវធម៌ ការរៀនសូត្រពូកែ អ្វីដែលពិសេស គឺពូកែធ្វើម្ហូបតែម្តង។ ងាកមកទំនាក់ទំនងស្នេហាគឺ ចាប់ផ្តើមជាយូរមកហើយ ទំរាំឈានដល់ដំណាក់កាលចាប់ដៃគ្នាចូលរោងការជាប្តីប្រពន្ធបែបនេះ។ តែអ្វីដែលទស្សនិជនចាប់អារម្មណ៍ហើយ គូស្វាមីភរិយាមួយគូនេះ នៅតែចាប់ដៃគ្នាបន្តការសិក្សា ដើម្បីសម្រេចនៅគោលដៅជីវិតរបស់ពួកគេ៕