(ក្រុងឡុងដ៍)៖ កីឡាករលេងក្នុងតំណែងការពារ Ashley Cole បានសម្រេចចិត្តព្យូរស្បែកជើងនៅលើជញ្ជាំងជាផ្លូវការ ហើយក្នុងវ័យ ៣៨ឆ្នាំ ដើម្បីចាប់យកឱកាសកា្លយជាគ្រូបង្វឹកវិញម្តង។

កីឡាករបាល់ទាត់ដែលបានកើតនៅទីក្រុង London ប្រទេសអង់គ្លេសមួយនេះ បានចាប់ផ្តើមចាប់អាជីពបាល់ទាត់ដំបូង ក្នុងក្លឹបកាំភ្លើងធំ Arsenal កាលឆ្នាំ១៩៩៩ មុនបន្តខ្ចីជើងដោយក្លឹប Crystal Palace និងលេងឲ្យ Chelsea, Roma, LA Galaxy និងចុងក្រោយក្លឹប Derby County។

Cole បានថ្លែងប្រាប់សារព័ត៌មាន Sky sports ថា «ក្រោយការសញ្ជឹងគិតដ៏លំបាករួចមក ខ្ញុំគិតថា វាដល់ពេលព្យួរស្បែកជើងហើយ និងឈោងតាមតួនាទីថ្មីបន្តទៀតក្នុងវិស័យបាល់ទាត់នេះ»

Ashley Cole បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ដោយពុំមានក្លឹបណាត្រូវការរូបគេ បន្ទាប់ពីអស់សុពលភាពកិច្ចសន្យា ជាមួយក្លឹប Derby County នៅបំណាច់រដូវកាលឆ្នាំ២០១៨-២០១៩ ក្រោយចូលរួមជាមួយក្លឹបលេងនៅ Championship នេះកាលខែមករា ឆ្នាំ២០១៩ ដោយស្ថិតក្រោមការបង្វឹកផ្ទាល់ពីសំណាក់អតីតមិត្តរួមក្រុមនៅ Chelsea គឺលោក Frank Lampard និងជួយឲ្យ Derby County ឡើងដល់វគ្គជម្រុះមកលេងនៅ Premier League តែចាញ់ Aston Villa ២-១។

Cole ត្រូវបានចាត់ទុកថា ជាកីឡាករខ្សែការពារដ៏រឹងមាំមួយរូបដែលជោគជ័យក្នុងពាន FA Cup ដោយធ្លាប់ឈ្នះបាន ៧ដងច្រើនជាងគេ និងពាន Premier League ២ដងជាមួយ Arsenal និង Chelsea រួមជាមួយពាន UEFA Champions League ឆ្នាំ២០១២ និងពាន UEFA Europa League ឆ្នាំ២០១៣ ជាមួយ Chelsea ថែមទៀតផង៕