(ក្រុងម៉ូនិច)៖ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចំណាយអស់ប្រាក់ត្រឹមតែ ៧.៧៥លានផោន ស្មើនឹង ៩.៣៩លានដុល្លារ ក្នុងការខ្ចីកីឡាករខ្សែបម្រើប្រយុទ្ធ Philippe Coutinho ពីក្លឹបអ្នកមានបុណ្យ FC Barcelona ក្រោយកិច្ចសន្យា ១រដូវកាលឆ្នាំ២០១៩-២០២០។

ទន្ទឹមគ្នានោះរវាងក្លឹបយក្សនៅតំបន់អឺរ៉ុបទាំងពីរ ក៏បានចុះកិច្ចសន្យាក្នុងជម្រើសទិញដាច់ផងដែរ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងក្រោមតម្លៃខ្លួនប្រមាណ ១៣៣លានដុល្លារថែមទៀងផង។

កិច្ចសន្យាខាងលើនេះត្រូវធ្វើឡើង បន្ទាប់ពីកីឡាករក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល Coutinho មិនជាប់ក្នុងជម្រើស របស់គ្រូបង្វឹក Ernesto Valverde ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ បន្ទាប់ពីចូលរួមជាមួយក្លឹបអេស្ប៉ាញមួយនេះ ទើបតែបាន ១រដូវកាលប៉ុណ្ណោះគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨ ដោយបានជួយឲ្យ Barcelona ឈ្នះពាន La Liga តែ១គត់៕