(ភ្នំពេញ)៖ កម្ពុជាបានកំណត់ប្រភេទកីឡា និងកីឡាករ-កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ នេះហើយ ដោយមានអត្តពលិកសរុប ៤០០នាក់ លើកីឡាចំនួន ៣០ប្រភេទ។ នេះបើយោងតាមលិខិតចុះហត្ថលេខាសម្រេចចុងក្រោយ ដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ក្រសួងអប់រំបានសម្រេចជាផ្លូវការហើយ ក្នុងចំណោមអត្តពលិកសរុបខាងលើ គឺមានកីឡាករ ១៨៨នាក់ និងកីឡាការិនី ៧១នាក់ ។ លើសពីនេះ មានថ្នាក់ដឹកនាំ និងមន្ដ្រីកីឡា ៤២នាក់, អ្នកដឹកនាំក្រុម ២៩នាក់ ក៏ដូចជាគ្រូបង្វឹក និងគ្រូជំនួន ៦៣នាក់ រួមទាំងអាជ្ញាកណ្ដាល ៧នាក់ សរុបគឺមានចំនួន ៤០០នាក់ ។

សម្រាប់កីឡាទាំង ៣០ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងត្រូវប្រកួតលើ ១៧៦វិញ្ញាសា ។ ប៉ុន្ដែក្នុងនោះមានកីឡា ៩ប្រភេទ ត្រូវបានចាត់ទុកជាកីឡាមានសក្ដានុពល ក្នុងប្រជែងមេដាយ ដូចជាកីឡាករតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ និងកីឡាចំបាប់ ។

ចំណែក ២១ប្រភេទកីឡាទៀត រួមមានបាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports និងកីឡាហុកគី ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ដែលហ្វីលីពីន គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ។ ព្រឹត្តិការណ៍នេះ ត្រូវបានកម្ពុជា ចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដែលកម្ពុជាត្រូវរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីម្ចាស់ផ្ទះ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣៕