(អេស្ប៉ាញ)៖ ប្រជាជនប្រមាណ ៩,០០០នាក់ ត្រូវបានបង្ខំចិត្តឱ្យជម្លៀសចេញជាបន្ទាន់ ក្រោយមានហេតុការណ៍ភ្លើងឆេះព្រៃដ៏កាចសាហាវមួយនៅទីប្រជុំកោះ Canary ប្រទេសអេស្ប៉ាញ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTV នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ ។

ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១,០០០នាក់ បានប្រើប្រាស់យន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ១៦ គ្រឿង ដើម្បីទប់ទល់ជាមួយអណ្តាតភ្លើងដ៏កាចសាហាវកម្ពស់ ៥០ម៉ែត្រ ។ វាចាប់ផ្តើមឆេះដំបូងនៅក្បែរភូមិ Tejeda ហើយបានរាលដាលលឿនខ្លាំង រហូតគ្រប់គ្រងលែងជាប់ រហូតបំផ្លាញផ្ទៃដីអស់ជាង ៦,០០០ ហិកតា ដោយគិតត្រឹមរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ រីឯផ្លូវចំនួន ១២ ខ្សែត្រូវបានបិទមិនអោយធ្វើដំណើរនៅលើកោះ Gran Canaria ជាកោះមួយកំពុងរងគ្រោះក្នុងចំនោមកោះទាំង ៧ នៃទីប្រជុំកោះ Canary ដែលស្ថិតក្នុងតំបន់ប្រជុំកោះអេស្ប៉ាញនៃមហាសមុទ្រអាត្លង់ទិច ។

គួរអោយដឹងថាទីប្រជុំកោះ Canary មានផ្ទៃដីសរុបចំនួន ៧,៤៩៣ គីឡូម៉ែត្រការ៉េ (៧៤៩,៣០០ ហិចតា) មានកោះធំៗចំនួន ៧ គឺ កោះ Tenerife, កោះ Fuerteventura, កោះ Gran Canaria, កោះ Lanzarote, កោះ La Palma, កោះ La Gomera និង កោះ El Hierro ខណៈនេះកំពុងរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរពីភ្លើងឆេះព្រៃមិនទាន់រលត់នៅឡើយទេ ហើយប្រជុំកោះទាំងនេះធ្លាប់ទទួលបានភ្ញៀវទេសចរបរទេសជាច្រើនសរុបជាង ១៣លាននាក់ កាលពីឆ្នាំ ២០១៨ កន្លងទៅ ក្នុងនោះជាងពាក់កណ្តាលមកពីអង់គ្លេស និងអាល្លឺម៉ង់ ៕