(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសនឹងបង្ហាញបញ្ជីឈ្មោះកីឡាករនៃក្រុមជម្រើសជាតិ កម្ពុជា នាថ្ងៃទី២៩ ខែសីហា ពោលគឺក្រោយចប់​ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ ជាតិ លើកទី១៣ វគ្គជម្រុះវគ្គ ៨ក្រុមចុងក្រោយដែលនឹងប្រកួតជើងទី២ នាថ្ងៃទី២៨ ខែសីហា។

ការកំណត់ថ្ងៃបង្ហាញបញ្ជីឈ្មោះក្រុមគោព្រៃកម្ពុជានេះ គឺដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិហុងកុង ក្នុងជំនួបបើកឆាកពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (FIFA World Cup Qatar 2022) ជុំទី២ និងជើងទី១ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ហេតុនេះ កម្ពុជា គឺមានពេល ១សប្ដាហ៍ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ក្រោមការដឹកនាំរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិហុងកុង មុនបន្ដបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិបារ៉ែនវិញម្ដងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ុន្ដែបើក្រឡេកមើលក្រុមជម្រើសជាតិហុងកុងវិញ ពេលនេះពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីហោះមកកម្ពុជា បន្ទាប់ពីពួកគេបានបង្ហាញកីឡាករ ២៣នាក់ផ្លូវការកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ។ បន្ទាប់ពីហោះមកកម្ពុជា ហុកុងនឹងធ្វើដំណើរទៅមាតុភូមិវិញ ដើម្បីបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែកញ្ញាផងដែរ៕