(ភ្នំពេញ)៖ ប៉ុន្មានម៉ោងមុននេះ បណ្តាអ្នកគាំទ្ររបស់តារាចម្រៀងប្រុសល្បីឈ្មោះ ជុំ លីណូ មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយឃើញព័ត៌មានមួយចំនួនចុះផ្សាយថា លោកត្រូវបានប៉ូលិសវាយខ្នោះពាក់ព័ន្ធការករណីជួញដូរគ្រឿងញៀន។ តែយ៉ាងណា ពេលនេះលោកបានបកស្រាយថា នេះមិនមែនជាការពិតនោះទេ ពោលគឺគ្រាន់តែជាសាច់រឿងក្នុងបទចម្រៀងថ្មីរបស់លោកប៉ុណ្ណោះ ហើយលោកក៏បានសំណូមពរដល់អ្នកគាំទ្រ កុំឲ្យមានការយល់ច្រឡំផងដែរ។

ជាការពិត រូបភាពរបស់តារាចម្រៀងប្រុស ជុំ លីណូ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ត្រូវបានមហាជនចែករំលែកពេញបណ្តាញសង្គម ភ្ជាប់ជាមួយនឹងសារថា «តារាចម្រៀងលោក ជុំ លីណូ បានប៉េអឹមចាប់បាត់ហើយ ដោយសាជួញដូគ្រឿងញៀន» ដែលអត្ថន័យទាំងនេះ បង្ករឲ្យមានការយល់ច្រឡំជាច្រើន ខណៈមានមនុស្សមួយចំនួនតូច​ប៉ុណ្ណោះគិតថា នេះជាការថត MV ចម្រៀង។

ដើម្បីកុំឲ្យមហាជនយល់ច្រឡំតទៅទៀត តារាចម្រៀងប្រុស ជុំ លីណូ បានប្រាប់ Fresh News មុននេះបន្តិច តាមរយៈសារអេឡិចត្រូនិចថា តាមពិតរូបរូបភាពទាំងនោះ មិនមែនជាការពិតទេ គឺជាការថត MV ចម្រៀងរបស់លោក ដែលមានចំណងជើងថា «ទឹកភ្នែកម្ដាយលើខ្នោះដៃកូន»។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់អ្នកគាំទ្រ កុំឲ្យមានការយល់ច្រឡំតទៅទៀតផងដែរ។

គួរជម្រាបថា ជុំ លីណូ គឺជាតារាចម្រៀងប្រុសមួយរូប ដែលមានការគាំទ្រច្រើនពីទស្សនិកជន ព្រមទាំងមានប្រជាប្រិយភាពផងដែរ ខណៈរាល់បទចម្រៀងរបស់លោក ចេញមកមួយៗសុទ្ធសឹងតែមានការគាំទ្រច្រើនពីទស្សនិជន៕