(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារនេះ បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីពីរគ្រាប់ សាជាថ្មី តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីទូតជាន់ខ្ពស់ម្នាក់ប្រកាសថាទីក្រុងព្យុងយ៉ាង មាន បំណងបើកកិច្ចចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក នៅក្នុងខែកញ្ញានេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលរយៈចំងាយខ្លីទាំងពីរគ្រាប់ខាងលើ ត្រូវបានបាញ់ចេញពី តំបន់ Kaechon នៃខេត្ត Pyongan ខាងត្បូង ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដោយហោះបានចំងាយ ៣៣០គីឡូម៉ែត្រ។

គួរជម្រាបថា ការបាញ់សាកល្បងមីស៊ីលខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងជាលើកទី៨ហើយ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ជួបគ្នានៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ កាលពីខែមិថុនា កន្លងទៅ៕

Advertising