(លីស្បោន)៖ បុរសវ័យ ៣៤ឆ្នាំបច្ចុប្បន្ន Cristiano Ronaldo បានកំពុងកាន់កំណត់ត្រាក្នុងនាមកីឡាករស៊ុតបញ្ចូលទីឲ្យជម្រើសជាតិច្រើនជាងគេ វ៉ាដាច់កីឡាករនៅទូទាំងទ្វីបអឺរ៉ុបទាំងមូល (UEFA)។ នេះបើយោងតាម BBC។

ការរកបាន ៤គ្រាប់លើសគ្រាប់បាល់ហែតទ្រីក (៣គ្រាប់) ធ្វើឲ្យខ្សែប្រយុទ្ធពាក់លេខ៧ មកពីក្លឹបសេះបង្កង់ Juventus ប្រទេសអ៊ីតាលី កើនគ្រាប់ស៊ុតបាន ២៥គ្រាប់ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងជ័យជម្នះ ៥-១ ទៅលើក្រុមម្ចាស់ផ្ទះលីទុយអេនី នៃវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 វគ្គសន្សំពិន្ទុក្នុងពូល B ដែលជាការ រកបាន ៤គ្រាប់ជាលើកទី២ ផងដែរគិតចាប់តាំងពីឆ្នាំ២០១៦ ក្នុងជំនួបទល់នឹងក្រុមជម្រើសជាតិអង់ដូរ៉ា។

លើសពីនេះទៀត អតីតកីឡាករនៃក្លឹប Sporting Lisbon, Manchester United និង Real Madrid ខាងលើនេះ ក៏បានបំបែកកំណត់ត្រាចាស់របស់ខ្សែយុទ្ធសាធារណរដ្ឋអៀរឡង់ Robbie Keane ដែលរកបាន ២៣គ្រាប់ផងដែរ។

យ៉ាងណាក៏ដោយ Cristiano Ronaldo ដែលធ្លាប់ឈ្នះពានឯកត្តជន Ballon d’Or បាន ៥ដងផងនោះ បានឈរនៅត្រឹមចំណាត់ថ្នាក់លេខ២ ពិភពលោកប៉ុណ្ណោះពីការរកបាន ៩៣គ្រាប់ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ គ្រាដែលលេខ១ បានទៅកីឡាករ Ali Daei របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលរកបាន ១០៩គ្រាប់ច្រើនជាងគេលើលោក៕