(ភ្នំពេញ)៖ ទស្សនិកជនបានដឹងហើយថា លោក ទ្រី តារាវុធ កំពុងបំពេញបេសកម្មប្រកួតសម្រស់នៅក្នុងកម្មវិធី «Man Of The Year» ក្នុងប្រទេសមីយ៉ាន់ម៉ា។ បច្ចុប្បន្ននេះ កម្មវិធីមិនទាន់ដល់វគ្គផ្តាច់ព្រ័ត្រនៅឡើយទេ តែលោកទទួលបានពាន់រង្វាន់មួយបាត់ទៅហើយ គឺផ្នែក «Best Smile Award» ប្រែកជាខ្មែរថា «ញញឹមស្រស់បំផុត» ពីកម្មវិធី។ តែយ៉ាងណា លោកថា នឹងខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានភាពជោគជ័យក្នុងកម្មវិធីនេះ។

តាមរយៈបណ្តាញសង្គម ថ្លែងពីប្រទេសមីយ៉ាន់ម៉ា លោក ទ្រី តារាវុធ បានលើកឡើងថា លោកពិតជាមោទនភាព និងសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រផ្តល់កម្លាំងចិត្តជាច្រើនពីប្រជាពលរដ្ឋកម្ពុជា និងអរគុណសម្រាប់ការផ្តល់ពិន្ទុយ៉ាងល្អពីគណៈកម្មការអន្តរជាតិ។ ទន្ទឹមគ្នានេះ លោកនៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ឲ្យអស់ពីលទ្ធភាពសម្រាប់ការចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត។

​ងា​កមក​អ្នកគាំទ្រ​កម្ពុជា​វិញ ក្រោយ​ទទួលដំណឹង​ថា លោក ទ្រី តារា​វុ​ធ ដែល​តំណាងឱ្យ​កម្ពុជា​ទទួលបាន​ពាន​មួយ​នេះហើយ ក៏មាន​អារម្មណ៍​រំភើប និង សប្បាយរីករាយ​យ៉ាងខ្លាំង ហើយជាមួយគ្នានេះ​ពី​អ្នកគាំទ្រ​ក៏មាន​ការរំពឹង​ខ្ពស់​ចំពោះ​លោក ទ្រី តារា​វុ​ធ ថា​នឹង​មានឱកាស​ខ្ពស់​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​ពី​កម្មវិធីជូន​ប្រទេស​កម្ពុជា​ផងដែរ។ ដូច្នេះតាមរយៈនេះ លោក ទ្រី តារាវុធ សុំឲ្យបងប្អូនខ្មែរជួយបោះឆ្នោតគាំទ្រ តាមរយៈធ្វើការ Like និង Share រូបភាពរបស់លោកឲ្យបានច្រើន ដើម្បីឈ្នះពានប្រជាប្រិយភាព និងទទួលបានជោគជ័យក្នុងកម្មវិធីនេះ។ ដោយចូលទៅកាន់ផេក «Missosology» ចុច Share ទៅលើរូបរបស់លោក ទ្រី តារាវុធ ភ្ជាប់ជាភាសាអង់គ្លេសថា «Cambodia - Try Daravuth»៕