(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្ម Galaxy Navatra បានបញ្ចេញនូវបទចម្រៀងថ្មីមួយបទទៀតហើយ របស់តារាចម្រៀងស្រីវ័យក្មេង មានរូបឆោមស្រស់សោភា គឺកញ្ញា តន់ ច័ន្ទសីម៉ា ដែលបទថ្មីទើបនឹងបញ្ចេញក្ដៅៗ មានចំណងជើងថា «យល់ច្រលំថាគេស្រលាញ់យើង» ដែលបង្ហាញពីស្នេហាបោកប្រាស់ មួយបទនេះ កំពុងអង្រួនចិត្តទស្សនិកជន ពិសេសមិត្តយុវវ័យជាខ្លាំង ខណៈបញ្ចេញមិនទាន់បានប៉ុន្មានផង ក៏មានអ្នកចូលទស្សនាជាច្រើនម៉ឺនដង ក្នុងបណ្ដាញសង្គម You Tube។

តាមរយៈបទចម្រៀង «យល់ច្រលំថាគេស្រលាញ់យើង» កំពុងតែឆក់យកបេះដូងនារី ដែលខូចចិត្តនឹងរឿងស្នេហា ​មានសាច់រឿងដូចទៅនឹងចម្រៀងមួយនេះ ពោលគឺស្ដាប់ហើយមានអារម្មណ៍ថាឈឺចាប់ មិនគួរណានារីម្នាក់ដែលជឿជាក់លើស្នេហាមួយនេះ ថាជាស្នេហាស្មោះ និងជាមនុស្សស្រីដែលគេស្រឡាញ់ តែតាមការពិតគ្រាន់តែជា ស្នេហាបោកប្រាស់​របស់បុរស ដែលនាងខំដាក់ចិត្តស្រឡាញ់អស់ពីបេះដូង ចុងក្រោយក៏ត្រូវគេយកទៅលេងសើច ធ្វើឲ្យឈឺចាប់ស្ទើរតែឆ្កូត។ នេះជាអត្ថន័យរៀបរាប់ត្រួសៗ នៃចម្រៀងមួយបទនេះ តែយ៉ាងណាមានទស្សនិកជនជាច្រើន បានចូលទស្សនានិងចូលចិត្ត នូវចម្រៀងនេះ មិនថាទាំងអត្ថន័យ រួមទាំងទឹកដមសំឡេងរបស់កញ្ញា តន់ ច័ន្ទសីម៉ា ស្ដាប់ហើយគឺមានអារម្មណ៍ថា ឈឺចាប់ទៅតាមបទចម្រៀងតែម្ដង។

គេនៅចាំបានថា តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើឲ្យទស្សនិកជនស្គាល់ច្បាស់ និងមានការចាប់អារម្មណ៍ខ្លាំងឡើងជាបន្តបន្ទាប់ ក្រោយពេលដែលស្រីស្អាតរូបនេះ បានបញ្ចេញនូវបទចម្រៀងមួយ ដែលមានចំណងជើងថា «បើមិនស្មោះស្រលាញ់រកងាប់អី» ដែលជាបទផ្ទុះខ្លាំង និងមានការគាំទ្រច្រើន គួរឲ្យកត់សម្គាល់។ ដោយឡែកសម្រាប់បទថ្មីដែលទើបនឹងបញ្ចេញនេះ ក៏មានការគាំទ្រមិនខុសពីបទមុនប៉ុន្មានដែល គឺមានសន្ទុះនៃអ្នកចូលទស្សនាកើនឡើងជាច្រើនផងដែរ។

គួរបញ្ជាក់ថា កញ្ញា តន់ ច័ន្ទសីម៉ា គឺជាអតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២ ខណៈបច្ចុប្បន្ន ស្រីស្អាតរូបនេះគឺជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ហើយក៏កំពុងតែ មានប្រជាប្រិយភាព មានសន្ទុះនៃការគាំទ្រកើនឡើងគួរឲ្យកត់សម្គាល់ តាមរយៈបទចម្រៀងដែលនាងបានបញ្ចេញ ក្នុងនោះគឺមានដូចជាបទ «បើមិនស្មោះស្រលាញ់រកងាប់អី» និងបទថ្មី «យល់ច្រលំថាគេស្រលាញ់យើង» គឺសុទ្ធតែជាបទចម្រៀងពីរោះៗ និងមានការគាំទ្រខ្លាំងពីទស្សនិកជន ទោះបីជាបទថ្មីនេះ ទើបតែបញ្ចេញក៏ពិតមែន។

ចង់ដឹងថា អត្ថន័យនៃបទ«យល់ច្រលំថាគេស្រលាញ់យើង» ពីរោះនិងចាក់ដោតដល់អ្នកឈឺចាប់ក្នុងរឿងស្នេហាយ៉ាងណានោះ សូមរីករាយសណ្ដាប់ទាំងអស់គ្នា៖