(មេនឆេស្ទើ)៖ លោក Massimiliano Allegri បានកំពុងតែយកចិត្តទុកដាក់សិក្សាភាសាអង់គ្លេស ដើម្បីមកដឹកនាំក្លឹបនៅ Premier League នាពេលក៏ខ្លីខាងមុខនេះ។

គ្រូបង្វឹកសញ្ជាតិអុីតាលីខាងលើនេះ បានលាឈប់ពីដឹកនាំក្លឹបសេះបង្កង់ Juventus ក្រោយបញ្ចប់រដូវកាលមុន បន្ទាប់ពីដឹកនាំបាន ៥ឆ្នាំនៅទីក្រុង Turin នៃប្រទេសអុីតាលី ដោយឈ្នះជើងឯកនៃលីគកំពូល Serie A បាន ៥សម័យកាលផងដែរ និងលេចលឺដំណឹងកាន់តែច្បាស់ការខ្លាំងក្នុងការមកដឹកនាំ Man Utd ក្រោយត្រូវបានគេទម្លាយថា កំពុងសំងំសិក្សាភាសាអង់គ្លេសថែមទៀតនោះ។

ទន្ទឹមគ្នានោះ លោក Ole Gunnar Solskjaer បានកំពុងតែរងសម្ពាធខ្លាំងផងដែរនៅ Man Utd ដោយដឹកនាំ Man Utd ឈរនៅលេខរៀងទី១២ ក្បែរបាតតារាង នៅក្រៅតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះ និងអាចត្រូវបានបណ្តេញចេញផងដែរ ប្រសិនបើបន្តបរាជ័យក្នុងផ្ទះនៅកីឡដ្ឋាន Old Trafford ពេលជួប Liverpool នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុង Premier League។

លោក Allegri ក៏ត្រូវបានព័ត៌មាននៅអុីតាលីចុះផ្សាយផងដែរថា នឹងទទួលបានតម្លៃខ្លួន ៦.៥លានផោន ក្នុងការជំនួសកៅអីលោក Ole នៅក្នុងក្លឹប Man Utd ហើយខ្សែប្រយុទ្ធ Mario Mandzukic ក៏ជាកីឡាករដំបូងដែលរូបលោកគ្រោងនាំយកមកកាន់ទឹកដី Old Trafford មុនគេផងដែរនៅក្នុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕