(ភ្នំពេញ)៖ តារាចម្រៀងកញ្ញា គង់ កែវមរកត ម្ចាស់បទ «មួយជីវិត​» បានបញ្ចេញស្នាដៃរួមគ្នាក្នុងសាច់រឿងស្នេហាស៊ីជម្រៅថ្មីមួយមានឈ្មោះថា «ផ្លូវចិត្តផ្លូវស្នេហ៍»។ ការបញ្ចេញស្នាដៃរួមគ្នាលើកដំបូងនេះ ក៏មានការចូលរួមសម្តែង និងអមដោយបទចម្រៀងរវាងនាង និងតារាចម្រៀងរូបសង្ហា លោក សយ រតនា​។

ចាប់ដៃសម្តែងរួមគ្នា និងអមដោយបទចម្រៀងមនោសញ្ចេតនា យ៉ាងពីរោះរណ្តំ គង់ កែវមរកត និង សយ រតនា បានធ្វើឲ្យអ្នកគាំទ្រពួកគេពេញចិត្ត​ ពេញចិត្ត​ព្រោះតែសាច់រឿងស្នេហា ប្រទាក់ក្រឡា មនោសញ្ចេតនា និងកម្សត់ខ្លាំង និងមានបទចម្រៀងយ៉ាងពីរោះរណ្តំចិត្តរបស់ពួកគេ​។ តារាចម្រៀងស្រី គង់ កែវមរកត លើកឡើងថា នាងពិតជាពេញចិត្ត សម្រាប់ស្នាដៃរួមគ្នាលើកដំបូងនេះ ហើយក៏បំពេញចិត្តទស្សនិកជន ដែលរងចាំការបញ្ចេញស្នាដៃថ្មី​។ បទចម្រៀងនេះក៏ចូលរួមសម្តែង ពីសំណាក់​តារាសម្តែងប្រុសលោក ជៀប ប៊ុនឈីវ ហៅ ហ៊ាឈីវ កាន់តែប្លែកក្រោយចាប់ដៃច្រៀង និងសម្តែងក្នុងសាច់រឿងស្នេហា ដែលផលិតដោយផលិតកម្មមរតកមេឌៀ​។

ថ្លែងស្រដៀងគ្នានេះដែរ លោក សយ រតនា បានលើកឡើថា ទាំងបទចម្រៀង និងសាច់រឿងពិតជាល្អជាប់​ចិត្ត និងអាចទាក់ចិត្តមិត្តយុវវ័យបានច្រើន។ លោកថាក្រៅពីបទចម្រៀងថ្មីលើកបំបូងរួមគ្នា អ្នកនិពន្ធវ័យក្មេងរូបនេះបង្ហើបថា ក៏នឹងបញ្ចេញស្នាដៃច្រៀង និងសម្តែងរួមគ្នាជាមួយតារាស្រីស្រស់សោភារូបនេះ ផងដែរ។

គួរបញ្ជា​ក់ថា សយ រតនា គឺជាអ្នកនិពន្ធវ័យក្មេងដែលធ្លាប់និពន្ធបទចម្រៀងល្បីៗ នៅផលិតកម្ម ថោន លោកក៏ជាតារាចម្រៀងដែលធ្លាប់ ទទួលបានការគាំទ្រតាមរយៈបទចម្រៀងមួយ ចំនួនដូចជាបទ «មួយជីវិត» បទ«បងមិនយំទេគ្រាន់តែទឹកភ្នែកហូរ» ជាដើម។ ​ចំណែក គង់ កែវមរកត ត្រូវបានគេស្គាល់ថា ជាអតីតបេក្ខជនលេចធ្លោរក្នុងកម្មវិធី ប្រកួតបទចម្រៀង Cambodia Idol រដូវកាលទី៣​៕ ​