(ភ្នំពេញ)៖​ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមបឹងកេត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៣ ឆ្នាំ២០១៩ នាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន RSN។ ចាំមើលតើព្រះខ័នរាជស្វាយរៀង ឬបឹងកេត នឹងក្លាយជាម្ចាស់ពានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ?

នេះគឺជាការប្រកួតដ៏កក្រើក និងគួរឲ្យចាប់អារម្មណ៍បំផុត ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង កំពុងសន្សំចិត្តលើកពាន ២ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីពួកគេ​បានលើកពានលីគកំពូលកម្ពុជា កាលពីថ្មីៗ ។ ចំណែកក្រុមបឹងកេត ក៏បានតាំងចិត្តខ្ពស់ ក្នុងការប្រជែងពាន Hun Sen Cup ដើម្បីបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រលើកដំបូងនេះផងដែរ ។

ជាមួយការប្រកួតនេះលោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញនូវជំហរត្រៀមខ្លួនរួចជាស្រេច ដើម្បីតតាំងជាមួយក្រុមបឹងកេត ។ តែលោកក៏មានការព្រួយបារម្ភខ្លះដែរ បន្ទាប់ពីក្រុមខ្លួន បានបរាជ័យលើកដំបូង ក្នុងរដូវកាលឆ្នាំ២០១៩ ក្រោមថ្វីជើងក្រុមណាហ្គាវើលដ៏ កាលពីថ្ងៃសុក្រកន្លងទៅ ។ ប៉ុន្ដែជឿជាក់ថា កូនក្រុមខ្លួន នឹងធ្វើបានល្អបំផុត ដើម្បីគោលដៅឈ្នះពាន Hun Sen Cup មួយទៀត ។

សូមរំឭកថា ក្នុងពាននេះ ក្រុមទាំងពីរ ធ្លាប់មានប្រវត្តិជួបគ្នា ២លើកមកហើយ ក្នុងវគ្គ ៨ក្រុមដូចគ្នា តែឈ្នះ-ចាញ់ម្ដងម្នាក់ ពោលគឺឆ្នាំ២០១៤ ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលជ័យជម្នះ ៥-១ តែដល់ឆ្នាំ២០១៦ ក្រុមបឹងកេត បានយកឈ្នះវិញ ២-១ ។ ចំពោះការប្រកួតល្ងាចនេះ ក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕