(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាស្គាល់ច្បាស់នូវ តួឯកស្រីដ៏មានប្រជាប្រិយភាពក្នុងរឿងភាគខ្មែរដ៏ល្បីគឺរឿង «កុមារី២៥ឆ្នាំ» គឺអ្នកនាង នី មុល្លីកា ក្រោយឃ្លាតឆ្ងាយពីវីស័យសិល្បៈ ទៅសាងគ្រួសារជាមួយនឹងស្វាមីនៅឯក្រៅប្រទេសរយៈពេលរាប់ឆ្នាំ ពេលនេះស្រាប់តែលេចវត្តមាននាងសារជាថ្មីក្នុងសិល្បៈ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក៏ដូចជារង់ចាំទស្សនា នូវរឿងភាគថ្មី ដែលរូបនាងទើបតែចូលរួមក្នុងពិធីក្រុងពាលីរឿងថ្មី កាលពីម្សិលមិញនេះ។

ជាការពិត ការវិលត្រឡប់ចូលក្នុងសិល្បៈជាថ្មី របស់តារាសម្ដែងល្បីឈ្មោះអ្នកនាង នី មុល្លីកា គឺដើម្បីថតរឿង «កុមារី២៥ឆ្នាំ» វគ្គបី ដែលជារឿងមួយ ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនរួចមកហើយ កាលពីវគ្គទី១ និងវគ្គទី២ ខណៈដែលវគ្គ៣នេះ ត្រូវបានគេដឹងថា នឹងមានអ្វីដែលថ្មីនឹងប្លែកលើសពីវគ្គមុនៗទៀត។រឿងនេះ គឺជាស្នាដៃនិពន្ធ របស់អ្នកស្រី​ ​ពាន់​ ​ភួង​បុ​ប្ជា​ ​ជា​​អ្នកនិពន្ធ​ដែល​មានឈ្មោះបោះសំឡេង។

យោងតាមហ្វេសប៊ុកដែលមានឈ្មោះថា Bong Vik បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាព របស់តារាសម្ដែង អ្នកនាង នី មុល្លីកា និងក្រុមការងារថតភាពយន្ត ក្នុងពិធីក្រុងពាលីរឿងថ្មី ព្រមទាំងបញ្ចេញសារថា «ថ្ងៃជយ័ វេលាល្អ ថ្ងៃទី០៥ ខែ១១ ឆ្នាំ២០១៩ ពិធីក្រុងពាលីរៀបចំដំណើរ ការចេញថតខ្សែភាពយន្តខ្នាតធំគឺជាស្នាដៃ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន រួចមកហើយគឺរឿង «កុមារី ២៥ឆ្នាំ»ទាំងវគ្គ១ និង វគ្គ២ ឥឡូវនេះខ្សែភាពយន្តរឿង «កុមារី២៥ឆ្នាំ» វគ្គ៣ និងត្រៀមបង្ហាញនូវអ្វីដែលប្លែក លើសវគ្គមុនៗទៀត
អ្នកណាខ្លះហ្វេន កណ្តួបឥឡូវនេះគាត់ត្រឡប់មកវិញហើយ»

នេះជាការបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលរបស់តារាសម្ដែងក្រម៉ិចក្រម៉ើម អ្នកនាង នី មុល្លីកា ខណៈដែលមានប្រិយមិត្តទស្សនិកជន អ្នកគាំទ្រមិនតិចអ្នកនោះទេ កំពុងតែទន្ទឹងទស្សនា នូវការសម្ដែងរបស់អ្នកម្ដាយរូបនេះ ជាថ្មីម្ដងទៀត ក្រោយពីនាងអាក់ខាន មិនបានសម្ដែង ដោយបានឃ្លាតឆ្ងាយខ្លួនទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងស្វាមីជាច្រើនឆ្នាំមកហើយ។

មួយវិញទៀត ទស្សនិកជនក៏ទន្ទឹងរង់ចាំទស្សនារឿង «កុមារី២៥ឆ្នាំ» ដែលជាវគ្គ៣នេះ ថានឹងមានអ្វីដែលកាន់តែធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ និងធ្វើការគាំទ្រខ្លាំងថែមទៀត ខណៈដែលសាច់រឿង «កុមារី២៥ឆ្នាំ» វគ្គ១ និងវគ្គ២ គឺពិតជាមានការគាំទ្រយ៉ាងច្រើនពោលគឺផ្ទុះខ្លាំងតែម្ដង រីឯតួឯកវិញ គឺអ្នកនាង នី មុល្លីកា និងពិធីករលោក ញ៉ែម សុគន្ធ ដែលជាគូសម្ដែងសាកសមគ្នាបំផុត ត្រូវមកប៉ះគ្នាក្នុងវគ្គ៣នេះដដែល។

ដោយឡែក គេមិនទាន់ដឹងនៅឡើយទេថា ការវិលត្រឡប់មកប្រទេសកម្ពុជាលើកនេះរបស់តារាសម្ដែង នី មុល្លីកា នឹងគ្រោងថតរឿងផ្សេងទៀត ឬក៏យ៉ាងណានោះទេ ខណៈដែលវិលត្រឡប់មកកម្ពុជាលើកនេះ គឺនាងមកជាមួយស្វាមី រួមទាំងកូនជាទីស្រឡាញ់៕