(ភ្នំពេញ)៖ ទីបំផុតក្រុមបឹងកេត បានសម្រេចបំណងលើកពានសម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ ហើយ ក្រោយយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ១-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន RSN កាលពីយប់មិញ ។

នេះគឺជាលើកដំបូងហើយ ដែលបឹងកេត បានសម្រេចបំណងលើកពានប្រមុខថ្នាក់ដឹលនាំរាជរដ្ឋាភិបាលកម្ពុជាមួយនេះ បន្ទាប់ពីពួកគេបានខកបំណងអស់រយៈពេល ៧ឆ្នាំមកហើយ ពោលគឺឆ្នាំ២០១៩ នេះប៉ុណ្ណោះ ដែលបឹងកេត បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយបានក្លាយជាម្ចាស់ជើងឯក ។

អ្វីដែលស្ទើរមិនគួរឲ្យជឿនោះ ការប្រកួតដ៏សំខាន់នេះ បឹងកេតបានបាត់បង់កីឡាករម្នាក់ ក្រោយទទួលបានកាត់ក្រហម នៅនាទី៧០ ដែលធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានឱកាសតាមស្មើ ១-១ ហើយបន្ដដាក់សម្ពាធ តែធ្វើមិនបានសម្រេច ។ បន្ទាប់ពីបន្ថែម ១៥នាទី ២ដង គ្មានការស៊ុតបញ្ចូលទីគ្នា ការប្រកួតក៏ឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្ដី ក្នុងនោះបឹងកេតទាត់ ៦គ្រាប់ ចូល ៥គ្រាប់ ខណៈព្រះខ័នរាជស្វាយរៀង ទាត់ ៦គ្រាប់ ចូលតែ ៤គ្រប់ប៉ុណ្ណោះ ។

ជាមួយជោគជ័យជាប្រវត្តិសាស្ដ្ររបស់ក្លឹបនេះ ត្រូវបានលោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត ចាត់ទុកជាសមិទ្ធផលគួរឲ្យមានមោទនភាពបំផុត ដ្បិតក្លឹបចញ្ចឹមចង់បានជាយូមកហើយ ។ លោកថា ទោះបីបឹងកេតឆ្នាំនេះ ធ្វើមិនបានល្អក្នុងលីគ តែពានសម្ដេចតេជោ ហ៊ុន សែន នេះ ក៏ចាត់ទុកជាកាដូសម្រាប់អ្នកគាំទ្រ ហើយពួកគេប្ដេជ្ញានឹងព្យាយាមការពារ ក៏ដូចជាស្វែងរកលទ្ធផលឲ្យកាន់តែល្អប្រសើរ ក្នុងលីគកំពូលកម្ពុជា នាឆ្នាំ២០២០ ផងដែរ ។

សម្រាប់ការគ្រងតំណែងជើងឯកពាន Hun Sen Cup ឆ្នាំ២០១៩ នេះដែរ ក្រៅពីទទួលបានពាន មេដាយមាស បឹងកេត ក៏ទទួលបានប្រាក់រង្វាន់អមចំនួន ៨០លានរៀលផងដែរ គ្រាដែលជើងឯករង ព្រះខ័នរាជស្វាយរៀង ទទួលបាន ៤០លានរៀល ខណៈក្រុមលេខ៣ ស្ទួន គឺក្រុមវិសាខា និងភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ១០លានស្មើៗគ្នា ។

គួរបញ្ជាក់ថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏ធំ ដែលប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចក៏បានឧបត្ថម្ភថវិកាផ្ទាល់ចំនួន ៥ម៉ឺនដុល្លារ សម្រាប់ចំណាយក្នុងការរៀបចំការប្រកួតផងដែរ៕