(ភ្នំពេញ)៖ អាំម៉ារ៉ា គឺជាតារាចម្រៀងស្រីមួយរូប ដែលមានសំនៀងទឹកដមស្រទន់ ពិរោះរណ្តំចិត្ត។ កាន់តែពិសេសជាងនេះ បើក្រឡែកមករូបសម្រស់របស់ អាំម៉ារ៉ា វិញ គឺមាន​មន្តស្នេហ៍យ៉ាងខ្លាំង រួមផ្សំជាមួយនឹងរាងខ្ពស់ស្រឡះផងនោះ កាន់តែធ្វើឲ្យនាងមានភាពទាក់ទាញខ្លាំងក្នុងនាមជាតារាស្រីពន្លកថ្មី។ ផ្ទុយទៅវិញ សម្រាប់ប្រវត្តិ៍សិល្បៈ ក៏ដូចជារឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនរបស់ អាំម៉ារ៉ា យ៉ាងណានោះ នាងនឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ កញ្ញា អាំម៉ារ៉ា ត្រូវបានគេដឹងថា ជាតារាចម្រៀង Original Song មួយរូប ដែលជាសមាជិកក្នុងក្រុមរបស់លោក Eno។ ការប្រឡូកក្នុងវិស័យចម្រៀង តារាស្រីរូបនេះត្រូវបានទស្សនិកជនស្គាល់ច្រើន តាមរយៈការបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «មិន​ត្រូវការ​កាក​សំណល់»។ ការបកស្រាយចម្រៀងមួយនេះ នាងបានបង្ហាញពីទេពកោសល្យសិល្បៈរបស់ខ្លួនមិនចាញ់តារាក្នុងក្រុមឡើយ ពោលគឺទទួលបានការគាំទ្រពីទស្សនិកជនខ្លាំងតែម្តង។

យ៉ាងណាមិញ ក្រៅពីការងារសិល្បៈ ទស្សនិកជនមិនទាន់ជ្រាប់នោះទេថា តើដំបូងឡើយនាងជាតារាមកពីណា ហើយថា តើប្រវត្តិការងារសិល្បៈរបស់នាងយ៉ាងណានោះ។ ដូច្នេះរាល់ចម្ងល់ទាំងនេះ នាងចូលមកបកស្រាយ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការ ផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោងដដែល៕