(ភ្នំពេញ)៖ បន្ទាប់ពីរៀបការយ៉ាងអធឹកអធមធ្វើឲ្យផ្អើលអស់អ្នកគាំទ្រ និងបានដឹកដៃភរិយាដ៏ស្រស់សោភាទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវយ៉ាងផ្អែមល្ហែមមក ពេលនេះភរិយាដ៏ស្រស់សោភា របស់តារាចម្រៀងសំឡេងស្រទន់ នី រតនា បានពពោះកូនដំបូងហើយ។ ថ្មីៗនេះ នី រតនា បានបង្ហើបថា កូនដំបូងរបស់ខ្លួន និងភរិយា ជាកូនស្រី។

ការបង្ហើបឡើងបែបនេះ តាមរយៈការបង្ហោះរូបភាពលើបណ្តាញសង្គមពេលជូនភរិយាទៅពិនិត្យផ្ទៃពោះ ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «Finally, it’s a baby girl (ទីបំផុត គឺជាកូនស្រី) !!! Daddy & Mommy រង់ចាំការមកដល់របស់ព្រះនាងតូចឆាប់ៗនេះ ...!!!»

ក្នុងរូបភាពប៉ុន្មានសន្លឹកដែល លោក នី រតនា បានបង្ហោះ គឺបង្ហាញយ៉ាងច្បាស់នូវមុខមាត់កូនស្រីពីក្នុងផ្ទៃ ដែលមានសុខភាពល្អ ទាំងម្តាយ និងកូន។ មហាជនសង្កេតឃើញថា លោក នី រតនា បានមើលថែថ្នាក់ថ្នមភរិយាយ៉ាងយកចិត្តទុកដាក់ ជាពិសេសរាល់សកម្មភាពរស់គូស្វាមីភរិយាវ័យក្មេងមួយគូ នេះ គឺពិតជាផ្អែមល្ហែមតែម្តង៕