(ភ្នំពេញ)៖ តំណាងសណ្ឋាគារឋានសួគ៌ សុខា នៅថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០១៩ បាននាំយកថវិកា ៥,០០០ដុល្លារ និងទឹកសុទ្ធ ១០០កេស​ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា។ ថវិកាសប្បុរសធម៌នេះ គឺទទួលបានពីការរៀបចំពព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង​ និងប្រណាំងកង់លើភ្នំបូកគោ កាលពីថ្ងៃទី២៦-២៧ ខែតុលាកន្លងទៅថ្មីៗ។

លោក កែវ សិទ្ធ ប្រធានផ្នែកលក់ នៃសណ្ឋាគារសុខា បញ្ជាក់ថា ព្រឹត្តិការណ៍សប្បុរសធម៌នេះ ត្រូវបានផ្ដួចផ្ដើមគំនិត និងអនុញ្ញាឲ្យរៀបចំដោយអ្នកឧកញ៉ា សុខ គង់ ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកម្ពុជា ទទួលបានការព្យាបាល ហើយថវិកាប្រមូលបានពីការរត់ពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោនេះ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។

លោកបន្ដថា «ការរត់ប្រណាំង និងប្រណាំងកង់លើភ្នំបូកគោ គឺត្រូវបានធ្វើឡើង ដើម្បីជួយគាំទ្រ និងផ្សព្វផ្សាយសកម្មភាពសប្បុរសធម៌ ពិសេសឆ្លុះបញ្ចាំងនូវឆន្ទៈចចូលរួមក្នុងស្មារតីសាមគ្គីភាពពីសំណាក់ភ្ញៀវជាតិ-អន្ដរជាតិទាំងអស់។ ក្រោមការរៀបចំដោយសណ្ឋាគារឋានសួគ៌ សុខា រយៈពេល ៦ឆ្នាំកន្លងមក យើងបានជួយប្រមូលថវិកាសប្បុរសធម៌ដល់មន្ទីរពេទ្យគន្ធបុប្ឋាសរុបចំនួន ២៧,៧០០ដុល្លារផងដែរ»

ទន្ទឹមជាមួយគ្នាលោក កែវ សិទ្ធ ក៏បានអរគុណ ដល់ភ្ញៀវជាតិ-អន្ដរជាតិ ដែលបានចូលរួម និងគាំទ្រព្រឹត្តិការណ៍សប្បុរសធម៌នេះ ដែលធ្វើឲ្យការរៀបចំទទួលបានកំណើនជារៀងរាល់ឆ្នាំ ជាក់ស្ដែងឆ្នាំ២០១៩ នេះ ទទួលបានអ្នកចូលរួមកើនដល់ ១,៦០២នាក់ ហើយលោកសង្ឃឹមថា ឆ្នាំក្រោយៗទៀត នឹងមានអ្នកចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង និងជិះកង់ប្រណាំងលើភ្នំបូកគោ កាន់តែច្រើនថែមទៀត៕