(សេអ៊ូល)៖ បើយោងតាមរបាយការណ៍ដែលចេញដោយ YG Entertainment នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា តារាស្រី​ CL ដែលជាអតីតសមាជិក 2NE1 បានសម្រេចចាកចេញពីផលិតហើយ ក្រោយពីបញ្ចប់កុងត្រា។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Koreaboo នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើយោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ក្រោយពីបានពិភាក្សាគ្នា រវាងភាគី CL និង ក្រុមហ៊ុនរួចមក ជាលិទ្ធផល CL បានសម្រេចមិនបន្តកុងត្រាថ្មីជាមួយ YG Entertainment ឡើយ។

ជាការកត់សម្គាល់ ចាប់តាំងពីរំសាយក្រុម 2NE1 រួចមក CL បានធ្វើជាតារាចម្រៀងប្រចាំផលិតកម្ម YG ក្នុងអំឡុងឆ្នាំ២០១៦ ដែលក្នុងនោះបានធ្វើកិច្ចការជាច្រើន ក្នុងវិស័យសិល្បៈ។ កាន់តែពិសេស នាងថែមទាំងបានបញ្ចេញ អាល់ប៊ុមចម្រៀង នៅសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីនេះ នាងបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ជាច្រើនដូចជា កម្មវិធី «MIXNINE» និង «The Double Life» ជាដើម។ តែយ៉ាងណា នៅអំឡុង២ឆ្នាំចុងក្រោយនេះ នាងមិនបានបញ្ចេញចម្រៀងថ្មីឡើយ។ ដោយបទចុងក្រោយរបស់នាង ក្នុងផលិតកម្ម YG គឺមានចំណងជើងថា «Goodbye»។

គួរជម្រាបថា កាលពីឆ្នាំមុន មានអ្នកគាំទ្រម្នាក់បានប្រាប់ CL ថាឲ្យចាកចេញពីផលិតកម្ម YG ដោយសារតែនាយកគ្រប់គ្រងមិនខ្វាយខ្វល់ក្នុងការចេញអាល់ប៊ុមចម្រៀងថ្មីរបស់ CL នោះទេ៕