(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធិការនី កញ្ញា ព្រះកាយ ច័ន្ទបានលេចមុខសារជាថ្មី ក្នុងខ្សែភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ ប៉ុស្ត៍លេខ៥គឺរឿង «សម្បថដងស្ទឹង» ដោយបានធ្វើពិធីក្រុងពាលីនៅ ក្នុងសណ្ឋាគាសូហ្វីតែលភ្នំពេញ ដែលមានតួឯកប្រុស គឺ លោក សន ពិសិដ្ឋ។ ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជានេះទៅទៀតនោះ គឺនេះជាលើកទីមួយហើយ ដែលអ្នកទាំងពីរបានសម្ដែងប៉ះគ្នាជាលើកដំបូង ក្នុងខ្សែភាពយន្ត ទោះបីជាតារាទាំងពីរដួងនេះ បានប្រឡូកចូលវិស័យសិល្បៈរាប់ឆ្នាំមកហើយក្ដី។

ជាការពិត នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានធ្វើពិធីក្រុងពាលី ថតភាពយន្តភាគថ្មីរបស់ខ្លួន គឺរឿង «សម្បថដងស្ទឹង» ដែលធ្វើនៅសណ្ឋាគាសូហ្វីតែលភ្នំពេញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ រឿងមួយនេះ គឺបានចូលរួមសម្ដែងដោយមានតួឯកស្រីគឺ កញ្ញា ព្រះកាយ ច័ន្ទ និងតារាសម្ដែងរូបស្រស់សង្ហា គឺលោក សន ពិសិដ្ឋ ខណៈដែលនេះ គឺជាលើកទីមួយហើយ ដែលតារាមានកេរ្តិ៍ឈ្មោះបោះសំឡេង ពីររូបនេះ បានបង្ហាញវត្តមានសម្ដែងភាពយន្តរួមគ្នា។ ដោយឡែក នៅក្នុងរឿង «សម្បថដងស្ទឹង» មួយនេះ ក៏មានការចូលរួមសម្ដែងដោយតារាចាស់ក្មេងប្រុសស្រីល្បីៗជាច្រើនរូបទៀត។

គួរឲ្យដឹងដែរថា ភាពយន្តភាគថ្មីនេះ មានចំនួនដល់ទៅ៣០ភាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ដើម្បីដាក់ផ្សាយផ្លូវ ការនៅពាក់កណ្ដាលឆ្នាំក្រោយខាងមុខ។ រឿងនេះគឺជាសម្មិទ្ធិផលរឿងភាគទី ២៣ របស់ទូរទស្សន៍ប៉ុស្ត៍លេខ៥ ដោយក្នុងនោះក៏មានការរៀបចំ និង ដឹងនាំសម្ដែង ពីសំណាក់ក្រុមផលិតករថៃផងដែរ។ ភាពយន្តថ្មីនេះ មានវត្តមានចូលរួមសម្ដែងពីសំណាក់តារាល្បីៗប្រុសស្រីចាស់ក្មេងជាច្រើនរូប ពោរពេញដោយទេពកោសល្យ ដើម្បីរួមគ្នាអង្រួនផ្ទៃរឿងទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ។

ចង់ដឹងថាភាពយន្តភាគថ្មីនេះមានអ្វីថ្មីៗ និងសាច់រឿងបែបណាខ្លះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕