(ភ្នំពេញ)៖ តារាចម្រៀង ម៉ូលីកា ត្រូវបានក្រុមហ៊ុន Luxury Smile ប្រគល់ពាន «The Beauty Net Idol Award 2019» កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពិធីនេះរៀបចំនៅផ្សារទំនើប Aeon Mall Sen Sok រាជធានីភ្នំពេញ។

ម៉ូលីកា បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ចំពោះការបានពានរង្វាន់មួយនេះ ខណៈដែលមានក្រុមហ៊ុនជិត៥០ផ្សេងទៀត បានចូលរួមប្រកួតក្នុងវេទិកា ដ៏ធំនេះ ។ ម៉ូលីកា បានទទួលពានរង្វាន់នេះ ដែលប្រគល់ផ្ទាល់ដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឲ្យលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។

ពានរង្វាន់ដែលត្រូវក្រុមហ៊ុន Luxury Smile រៀបចំប្រគល់ពានសហគ្រិនឆ្នើមធំជាងគេបំផុត ដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្ស មាន៣កំរិត គឺរង្វាន់ទី១ «The Top 20 Asean Successful CEO Award 2019» ទី២ «The Beauty Net Idols Award 2019» និងទី៣ «The Successful CEO Of The Year2019»។ ដោយឡែក ម៉ូលីកា វិញឈ្នះពានទី២ «The Beauty Net Idol Award 2019»។

តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី បានបង្ហើបថា មូលហេតុដែលកញ្ញា ម៉ូលីកា ឈ្នះពានមួយនេះ ដោយសារតែក្រុមហ៊ុនរក្សា សម្ផស្សរបស់នាង មានឈ្មោះថា អិន ខេ ម៉លីកា ប៊ីយូធី ត្រេឌីង ឯ.ក មានអាជ្ញាប័ណ្ឌត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ហើយផលិតផលរបស់នាង មានគុណភាពព្រមទាំងមានអតិថិជនគាំទ្រច្រើន ទើបជម្រុញឲ្យ ម៉ូលីកា ទទួលបានពានដ៏អស្ចារ្យមួយនេះ។

អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានឲ្យដឹងដែរថា ការបានពានរង្វាន់នេះ ជាកិត្តិយសមួយដ៏ធំធេង សម្រាប់នាងដែលរឹតតែមានកំលាំងចិត្ត និងជម្រុញឲ្យកាន់តែខំប្រឹងពង្រឹងអាជីវកម្មក្រៅសិល្បៈមួយនេះ ឲ្យរឹងមាំថែមទៀត។ នាងថាសព្វថ្ងៃមានអតិថិជនច្រើន ដែលគាំទ្រផលិតផលរបស់នាង ហេតុនេះហើយការទទួលពាននេះ នឹងធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្ត ចំពោះផលិតផលនៅហាងរបស់នាង កាន់តែច្រើនជាមិនខានឡើយ។

ដោយឡែកអ្នករៀបចំកម្មវិធី «Asean Successful Ceo Award 2019» វិញ បានបង្ហើបឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងសម្រាប់បងប្អូន ដែលជាតារាល្បីៗ,Net Idols និងម្ចាស់អាជីវកម្មខាងគ្រឿងសម្អាង, សាឡន ,ស្បា,គ្លីនិក និងកែសម្ផស្ស។ កម្មវិធី «Asean Successful Ceo Award 2019» ប្រារព្ធឡើងដើម្បីជម្រុញ ទៅដល់បងប្អូនតារា និងសិល្បៈផ្សេង ៗ ជាពិសេសអ្នកជំនាញ ដែលមានបំណងក្នុងការពង្រឹងសក្ដានុពល នៃអាជីវកម្មរបស់ខ្លួន ជាមួយដៃគូសហការ ឲ្យកាន់តែមានឈ្មោះបោះសំឡេងទាំងក្នុងស្រុក និងក្រៅប្រទេសក្រោយពួកគេទទួលបានពាន ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល៕