(ភ្នំពេញ)៖ ជាការពិតណាស់ សម្រាប់តារាសម្ដែង តារាចម្រៀង ពេលបង្ហាញមុខនៅលើឆាកតន្រ្តី ឬក្នុងរឿងអ្វីមួយ មហាជន និងទស្សនិកជនងាយនឹងឆាប់ស្គាល់ជាទីបំផុត ពោលគឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈដូចគ្នា ក្នុងផ្នែកបញ្ចូលសំឡេង ឬអ្នកនិពន្ធ ដឹកនាំជាដើម មិនសូវមានមហាជនស្គាល់នោះទេ ទោះអ្នកទាំងនោះ បានប្រឡូកក្នុងការងារនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី។ ជាក់ស្ដែងអ្នកបញ្ចូលសំឡេងដ៏ល្បី ក្នុងរឿងភាគបរទេស រឿងភាគខ្មែរ គឺអ្នកស្រី តូច​ យ៉ា​នី បានចូលមកក្នុងវិថីនេះ អស់រយៈពេលជាង៣ទសវត្សមកហើយ ប៉ុន្តែមហាជនហាក់មិនដែលបានស្គាល់ ឬចាប់អារម្មណ៍ឡើយ។

​យោងតាមផេក «Movie star research» ដែលមានអ្នកស្រី ស៊ិ​ន​ ឧត្តម​ផល្លា ជាម្ចាស់ បានបង្ហាញថា មាន​បងប្អូន​ទស្សនិកជន​ជា​ច្រើន​ ដែល​និយម​ចូលចិត្ត​ទស្សនា​ ខ្សែភាពយន្ត​ភាគ​របស់​ សិង្ហបុរី​ តាំងពី​ ២០​ ទៅ​ ៣០ឆ្នាំ​មុន​ ជា​ពិសេស​តួ​នាង​ ទីង​ហ៊ុយ​ និង​ខ្លះ​ ហៅ​នាង​ ធុង​ស៊ី ក្នុង​រឿង​ (​ផ្លូវ​មាស​ស្ពាន​ស្នេហ៍​)​ ហើយ​មហាជន​តែងតែ​ចង់​ដឹង​ថា​ តើ​អ្នក​បញ្ចូល​សំឡេង​តារា​ សិង្ហបុរី​ រូប​នេះ​ គឺ​ជា​អ្នក​ណា​​? ព្រោះ​តារា​បញ្ចូល​សំឡេងភាគ​ច្រើន​​ ហាក់​មិន​ត្រូវ​បាន​នរណា​ម្នាក់​លើក​យក​មក​និយាយ​ឡើយ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​គេហទំព័រ​យើង​ខ្ញុំ​ លើក​យក​អំពី​សមត្ថភាព​នៃ​ការ​បញ្ចូល​សំឡេង​របស់​អ្នក​ស្រី​ មក​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ព្រោះ​បើ​យើង​មិន​បង្ហាញ​ អាច​ក្នុង​មួយ​ជីវិត​នេះ​ កើត​មក​រហូត​ដល់​បាត់បង់​ជីវិត​ទៅ​វិញ​ ក៏​នៅ​តែ​មិន​ដឹង​ថា​ម្ចាស់​សំឡេង​រូប​នេះ​ គឺ​ជា​អ្នក​ណា​​?

អ្នកស្រី ស៊ិ​ន​ ឧត្តម​ផល្លា បានបន្តថា មក​ជួប​ជាមួយ​ កំពូល​តារា​បញ្ចូល​សំឡេង​ដ៏​ល្បីល្បាញ​ជាង​​៣​ទសវត្សរ៍​​មក​ហើយ​ គឺ​អ្នក​ស្រី​ តូច​ យ៉ា​នី​ អ្នកស្រី​ប្រកប​មុខរបរ​ ជា​តារា​បញ្ចូល​សំឡេង​តាំង​ពី​ឆ្នាំ​ ១៩​៨៦​ នៅ​រោងភាពយន្ត​ខេត្ត​ បាត់ដំបង​ ដែល​កាល​ណោះ​មិន​ទាន់​មាន​ផលិតកម្ម​នៅ​ឡើយ​ទេ​ ក្រោយ​មក​អ្នក​ស្រី​បាន​មក​រស់​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​ ១៩៨៨​ អ្នក​ស្រី​ក៏​ចាប់ផ្ដើម​បញ្ចូល​សំឡេង​ក្នុង​រឿង​ភាគ​ជា​ច្រើន​រាប់​មិន​អស់​របស់​ សិង្ហបុរី​ ដែល​អ្នក​ស្រី​បញ្ចូល​សំឡេង​ ជា​តួឯក​គ្រប់​រឿង​ ជា​ពិសេស​រឿង​ដែល​ល្បី​ល្បាញ​បំផុត​ ក្នុង​ទសវត្សឆ្នាំ​ ៨០-៩០​ គឺ​រឿង​ (​ផ្លូវ​មាស​ស្ពាន​ស្នេហ៍​​)​ (ខ្នើយ​មាស​)​ និង​ក្នុង​ទសវត្សឆ្នាំ​២០០០​ គឺ​រឿង​ (​F4) របស់​ចិន​តៃវ៉ាន់​ គឺ​អ្នក​ស្រី​ តូច​ យ៉ា​នី​ បញ្ចូល​សំឡេង​តួ​ឯក​ស្រី​ គឺ​នាង​ សាន់​ឆាយ​ ដែល​សុទ្ធសឹង​ជា​ខ្សែ​ភាពយន្ត​ភាគ ​ដ៏​ល្បីល្បាញ​ពេញ​ទ្វីប​ អាស៊ី​ ។

​​តាម​ការ​រៀប​រាប់​របស់​អ្នក​ស្រី​ តូច​ យ៉ា​នី​ បានឲ្យ​ដឹង​ថា​ អ្នក​ស្រី​ប្រកប​របរ​ជា​តារា​បញ្ចូល​សំឡេង​នេះ​ មាន​រយៈពេល​ជាង​ ៣០ឆ្នាំ​មក​ហើយ​ ចំនួន​ខ្សែភាពយន្ត​ដែល​អ្នក​ស្រី​បាន​បញ្ចូល​សំឡេង​ មាន​ចំនួន​រហូត​ដល់​ទៅ​ រាប់​ពាន់​រាប់​ម៉ឺន​រឿង​ឯណោះ​ ថ្វី​បើ​កន្លងមក​ ​មិន​មាន​អ្នក​ណា​ស្គាល់​មុខ​មាត់​ពិត​ របស់​អ្នក​ស្រី​ក៏​ដោយ​ ប៉ុន្ដែ​សំឡេង​របស់​អ្នក​ស្រី​ ពិត​ជា​មាន​ភាព​ទាក់ទាញ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ ដោយ​គ្រាន់​តែ​ឮ​សំឡេង​ អាច​ធ្វើ​ឲ្យ​នឹក​ដល់​តួអង្គ​នីមួយៗ​។

សូម​បញ្ជាក់​​ថា​បច្ចុប្បន្ន​នេះ​ អ្នក​ស្រី​ តូច​ យ៉ា​នី​ មាន​វ័យ​ ៥៥ឆ្នាំ​ហើយ​ អ្នក​ស្រី​នៅ​តែ​បន្ត​អាជីព​ជា​តារា​បញ្ចូល​សំឡេង​ ក្នុង​ផលិតកម្ម​ ហង្សមាស​ ​សម្រាប់​រឿង​ភាគ​ ចិន​ កូរ៉េ​ និង​ ខ្មែរ​។ សូម្បី​តែ​រឿង​ ​(រាជិនី​ភូមិ​គ្រឹះ​) ក៏​អ្នក​ស្រី​បញ្ចូល​សំឡេង​តួ​ឯក​ស្រី ​គឺ​សុខ​ ស្រី​នាង​ និយាយ​រួម​គ្រប់​រឿង​មិន​ថា​ រឿង​របស់​ប្រទេស​ណា​ គឺ​តែងតែ​មាន​វត្តមាន​របស់​អ្នក​ស្រី​ នៅ​ក្នុង​សំឡេង​តួ​ឯក​ស្រីទាំង​អស់​។ សព្វថ្ងៃ​នេះ​​​អ្នកស្រី​ មាន​បុត្រ​ចំនួន​ ៣នាក់​ ស្រី​១នាក់​ និង​ប្រុស​២នាក់​ ​ខាងក្រោមនេះ​ ជា​រូបភាព​របស់​អ្នក​ស្រី​ជាមួយ​ ស្វាមី​ និង​កូន​ៗ​របស់​អ្នកស្រី៕