(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជាចំនួន៥ ប្រភេទកីឡា នឹងបន្ដបេសកកម្មប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅហ្វីលីពីននាថ្ងៃទី០៣ ខែធ្នូនេះ ស្របពេលអត្តពលិកកម្ពុជា ៨ប្រភេទកីឡាទៀត ទើបបានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន កាលពីម៉ោង៤ទៀបភ្លឺព្រឹកមិញ ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ។

ចំពោះអត្តពលិក ត្រូវប្រកួតថ្ងៃនេះ រួមមានកីឡាប៉េតង់ សីប៉ាក់តាក្រ គុនល្បុក្កតោ បាល់ទះឆ្នេរខ្សាច់ និងកីឡាវាយកូនបាល់ (Tennis) ហើយក្នុងចំណោមកីឡាខាងលើ កម្ពុជារំពឹងដណ្ដើមបានមេដាយមាសបន្ថែមទៀត លើកីឡាគុនល្បុក្កតោថ្ងៃនេះ ដ្បិត ២ថ្ងៃកន្លងមក គុនល្បុក្កតោដណ្ដើមបានមេដាយច្រើនជាងគេគឺមេដាយមាស១, ប្រាក់២ និងសំរឹទ្ធ ១៣គ្រឿង ខណៈមេដាយប្រាក់១ទៀត ដោយសីប៉ាក់តាក្រ។ ចំណែកកីឡាផ្សេងៗស្ថិតក្នុងការប្រកួតជម្រុះនៅឡើយ។

ដោយឡែកអត្តពលិកកម្ពុជា ដែលបានចាកចេញពីមាតុភូមិនៅម៉ោង ១២៖៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែធ្នូនេះ ហើយបានទៅដល់ហ្វីលីពីន ដោយសុវត្ថិភាព នៅព្រឹកថ្ងៃដដែលនេះ រួមមានកីឡាវាយកូនគោល, ហែលទឹក, ហុកគី, បាល់បោះ, អត្តពលកម្ម, ប្រដាល់សកល, យូដូ និងកីឡាអេឡិចត្រូនិច(E-Sport) ដែលគ្រោងចាប់ផ្ដើមការប្រកួតនាពេលឆាប់ៗខាងមុខ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មេដាយរបស់កម្ពុជា នៅមិនទាន់មានការប្រែប្រួលនោះទេ ដោយកម្ពុជា បន្ដរក្សាកៅអីលេខ៧ ក្នុងតារាងមេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស១, ប្រាក់៣ និងសំរឹទ្ធ១៣ ហើយម្ចាស់ផ្ទះហ្វីលីពីន នៅតែរក្សាការនាំមុខ ដោយឈ្នះមេដាយសរុប ៧១គ្រឿង រួមមានមេដាយមាស៣៨, ប្រាក់២០ និងសំរឹទ្ធ១៣៕