(ភ្នំពេញ)៖ ពិធិការិនីពូកែវោហាស័ព្ទ កញ្ញា សុភ័ក្រ្ត កុសុម៉ា ត្រូវបានគេដឹងថា នាងជាពិធីការិនីដ៏មានប្រជាប្រិយភាព នៅក្នុងកម្មវិធី «ពេញចិត្តឬអត់» របស់ស្ថានីយ៍ទូរទស្សន៍ MYTV ជាមួយនឹងពិធិករស្រស់សង្ហារលោក តាប៊ុយ។ ដោយឡែកស្រាប់តែថ្មីៗនេះ ទស្សនិកជនមានការភ្ញាក់ផ្អើល ក៏ដូចជាងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលស្ងាត់ៗ ពិធីការិនីរូបនេះ បានសម្រេចចិត្តដើរចេញ​​ពីតំណែងពិធីការិនី ក្នុងកម្មវិធីនេះ ដោយគ្មានមូលហេតុទាល់តែសោះ។

តាមរយៈការចាកចេញពីកម្មវិធី «ពេញចិត្តឬអត់» របស់ពិធីការិនី កញ្ញា សុភ័ក្រ្ត កុសុម៉ា ដោយមិនដឹងពីមូលហេតុច្បាស់លាស់បែបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រតារាស្រីរូបនេះ បានចោទជាចម្ងល់ជាច្រើន រហូតមានមតិមួយចំនួនតូចពីមហាជនលើកឡើងថា «បានល្បីរត់ចោលទ្រនំដែលខ្លួនធ្លាប់ជ្រក»

ជាមួយនឹងការលើកឡើងបែបនេះ ពិធីករក៏ដូចជាអ្នករៀបចំកម្មវិធីលោក តាប៊ុយ ក៏បានចេញវីដេអូបកស្រាយ ពីការលាឈប់របស់ សុភ័ក្ត្រ កុសុម៉ា ទោះបីជាលោកមិនបានដឹងច្បាស់ពីមូលហេតុ នៃការដើរចេញរបស់នាងក៏ពិតមែន ប៉ុន្តែលោកបានសំណូមពរដល់​របស់មហាជនមួយចំនួន​ សូមកុំមានការពោលពាក្យមិនសមរម្យ ឬមានការយល់ច្រឡំទៅលើ កុសុម៉ា ថា បានល្បីរត់ចោលទ្រនំ ព្រោះថាលោកនិងនាង មិនមានបញ្ហាអ្វីជាមួយគ្នាឡើយ។ ម្យ៉ាងវិញទៀត តាប៊ុយ ក៏បានស្នើ​ដល់អ្នកគាំទ្រ ឲ្យនៅតែបន្តការស្រឡាញ់គាំទ្រ ដល់រូបលោក និងសុភ័ក្រ្ត កុសុម៉ា បន្តទៅទៀត​។

គួរបញ្ជាក់ថា ការចាកចេញរបស់ពិធីការនី សុភ័ក្រ្ត កុសុម៉ា ក្នុងកម្មវិធី «ពេញចិត្តឬអត់» បានធ្វើឲ្យ តាប៊ុយ មានការពិបាកចិត្តជាខ្លាំង ដោយលោកត្រូវគិតពិចារណាថា ត្រូវកែសម្រួលកម្មវិធីបែបណា ទើបឲ្យមានការចាប់អារម្មណ៍ជាថ្មី ពីសំណាក់ទស្សនិកជន នៅពេលដែលដៃគូដ៏ស័ក្តិសមបំផុត គឺកញ្ញា សុភ័ក្រ្ត កុសុម៉ា ចាកចេញទៅ។ ជាមួយគ្នានេះ លោកក៏សំណូមពរដ៏មហាជន សូមកុំមានការវាយប្រហារទៅលើ សុភ័ក្រ្ត កុសុម៉ា ដែលដើរចេញពីកម្មវិធីគ្មានមូលហេតុ ប្រហែលជានាងមានបញ្ហាចាំបាច់អ្វីមួយហើយ ទើបនាងសម្រេចចិត្តបែបនេះ។

លោកបន្តថា ទោះបីជាមិនមានឱកាសបានធ្វើកម្មវិធី​រួមគ្នា នៅលើស្ថានីយ៍ទូរទស្សន៍ក៏ដោយ តែតាប៊ុយ ក៏សង្ឃឹមថា រូបលោក នឹងអាចប៉ះគ្នាម្ដងទៀត ក្នុងកម្មវិធីផ្សេងៗជាមួយ កញ្ញា សុភ័ក្រ្ត កុសុម៉ា តាមរយៈកម្មវិធីតាមក្រុមហ៊ុនផ្សេងៗ ជាក់ជាមិនខាន៕