(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ក្រុមអ្នកគាំទ្រ BLACKPINK បាននាំគ្នាទាមទារឲ្យផលិកម្ម YG ធ្វើតាមអ្វីដែលបានសន្យាកន្លងមក ដោយជួយឡានមានផ្ទាំង LED ព័ទ្ធជុំវិញអាគារផលិតកម្ម YG ដែលស្ថិតនៅតំបន់ Mapo ទីក្រុងសេអ៊ូល។ មិនបង្អង់យូរឡើយ ពេលនេះខាងផលតិកម្ម ស្រាប់តែបញ្ចេញសេចក្តីប្រកាសមួយភ្លាមៗ ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់អ្នកគាំទ្រ BLACKPINK។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ជាការកត់សម្គាល់ ចម្រៀងចុងក្រោយរបស់ BLACKPINK ដែលមានចំណងជើងថា «Kill This Love» ត្រូវបានបញ្ចេញតាំងពីខែមេសាមកម្ល៉េះ ហើយបន្ទាប់មកក្រុមនេះ មមាញឹកតែតន្ត្រីទេសចរណ៍ និងកម្មវិធីក្រៅប្រទេសប៉ុណ្ណោះ។ និយាយរួម Jennie គឺជាសមាជិកតែម្នាក់ដែលត្រូវបានផលិតកម្ម Promote តាមរយៈបញ្ចេញចម្រៀង SOLO កាលពីឆ្នាំ២០១៨។

ក្នុងសេចក្តីប្រកាសរបស់ YG មានខ្លឹមសារឆ្លើយតបទៅកាន់អ្នកគាំទ្រជារួមថា BLACKPINK ទទួលបានភាពជោគជ័យជាមួយនឹងតន្រ្តីទេសចរណ៍ របស់ពួកគេរហូតដល់ទៅ ៣២កន្លែង ឯណោះ។ ក្នុងនោះរួមមាន ៤ទ្វីប និង២៣​ទីក្រុង​ ខណៈថ្មីៗនេះ BLACKPINK កំពុងប្រគំតន្ត្រីនៅជប៉ុន ​និងកំពុងថតចម្រៀងថ្មី​។

ផលិតកម្ម YG បានឆ្លើយតបទៅកាន់អ្នកគាំទ្របន្ថែមថា ខាងផលិតកម្មក៏កំពុងរៀបចំអាល់ប៊ុមថ្មី​របស់ BLACKPINK នៅដើមឆ្នាំ២០២០ ផងដែរ។

គួរជម្រាបថា ក្នុងសកម្មភាពតវ៉ា អ្នកគាំទ្របានសំណូមពរដល់ផលិតកម្ម YG នូវចំណុចជាច្រើនក្នុងនោះរួមមាន​ ទាមទារឲ្យផលិតកម្ម YG ចេញចម្រៀងឲ្យ BLACKPINK ពីរដងក្នុងមួយឆ្នាំ, បញ្ចេញ Solo របស់សមាជិកនីមួយៗ (Rosé, Lisa, Jisoo), ផ្តល់ការ Promote សម្រាប់ BLACKPINK ឱ្យបានច្រើនជាងនេះ ​​និងឱ្យ BLACKPINK ចូលរួមជាមួយកម្មវិធី​ប្រគល់ពាននានា (Award Show Announcement) រួមទាំងចំណុចជាច្រើនទៀតផងដែរ៕