(ភ្នំពេញ)៖ អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល ភ្នំពេញក្រោន បានចេញដំណើរទៅប្រទេសថៃហើយ នៅព្រឹកថ្ងៃទី២៣ ខែមករានេះ ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Leo Pre-Season Cup 2020 ស្របពេលបានដឹងសមាសភាពគូប្រជែងរបស់ខ្លួន នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីល្ងាចមិញ។

ភ្នំពេញក្រោន នឹងត្រូវជួបក្រុម Chiangrai United បន្ទាប់ពីក្រុមជើងឯកលីគកំពូលថៃនេះ បានយកឈ្នះក្រុមមិត្តរួមជាតិ Chainat Hornbill FC ដោយលទ្ធផល ១-០ ទាំងប្រផិតប្រផើយ ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Sinha Stadium កាលពីល្ងាចមិញ។ ចំពោះការប្រកួតដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងភ្នំពេញក្រោន និង Chiangrai United នឹងធ្វើឡើងនាថ្ងៃទី២៥ ខែមករាខាងមុខ។

គួរដឹងថា ភ្នំពេញក្រោន ធ្លាប់បានភាគីថៃ អញ្ជើញចូលរួមប្រកួតពានមិត្តភាពអន្ដរជាតិខាងលើ ជាច្រើនលើកមកហើយ ក្នុងនាមក្រុមតំណាងកម្ពុជា។ ប៉ុន្ដែឆ្នាំនេះ ដោយសារការចាប់ឆ្នោត ត្រូវឈរចាំនៅវគ្គ ៨ក្រុមចុងក្រោយ ទើបពួកគេមានឱកាសសម្រាក ហើយទើបធ្វើដំណើរទៅថៃថ្ងៃនេះ ដើម្បីត្រៀមការប្រកួតនាថ្ងៃសៅរ៍ចុងសប្ដាហ៍។ តែក្រៅពីភ្នំពេញក្រោន ថៃក៏បានអញ្ជើញបណ្ដាក្លឹបអាស៊ាន និងអាស៊ីមួយចំនួនចូលរួមដែរ៕