(ភ្នំពេញ)៖ ប្រិយមិត្តប្រហែលជាស្គាល់ ឌីចេ ណាណា (DJ Nana) ដែលជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប មិនថាក្នុងកម្មវិធីវិទ្យុ និងទូរទស្សន៍ក៏ដូចជា ក្នុងបណ្តាញសង្គមនានា។

នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២០ ជាខួបអាពាហ៍ពិពាហ៍គំរប់មួយឆ្នាំរបស់នាង DJ Nana បានបង្ហាញអំពីក្តីរំភើបរបស់នាងក៏ដូចជាក្រុមគ្រួសារទាំងមូល តាមរយៈវីដេអូខ្លីមួយ ក្នុងផេងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង អំពីដំណឹងល្អមួយ គឺនាងមានកូនហើយ។

តាមរយៈវីដេអូនោះ DJ Nana បានថតបង្ហាញពីសកម្មភាពធ្វើឲ្យស្វាមី និងម្តាយក៏ដូចសមាជិកគ្រួសារទាំងមូល មានការភ្ញាក់ផ្អើលចំពោះលទ្ធផលតេស្ត ដែលបញ្ជាក់យ៉ាងច្បាស់ថា នាងមានកូនហើយ។

DJ Nana ដែលមានឈ្មោះពិតថា នាង សុវ៉ាតនា បានឲ្យដឹងថា នាងពិតជាមានកូនមែន ហើយនាង និងក្រុមគ្រួសារពិតជាមានក្តីរំភើបខ្លាំង ចំពោះដំណឹងនេះ បើទោះបីជាការមានកូននេះ មិនមែនជារឿងចៃដន្យក៏ពិតមែន។ តាមពិតនាង និងស្វាមីមានគំរោង ក៏ដូចជាត្រៀមខ្លួន ចំពោះរឿងដ៏សំខាន់នេះ តាំងពីក្រោយរៀបការបាន៧ខែម្ល៉េះ។

ដោយនាងបានបញ្ជាក់ថា នាងយកចិត្តទុកដាក់ថែររក្សារសុខភាព តាមរយៈការហាត់ប្រាណ ទទួលទានអាហារល្អៗ និងទឹកដោះគោជំនួយសុខភាពស្រ្តី ក្រោមការណែនាំពីអ្នកជំនាញអាហាររូបត្ថម្ភជាច្រើន ក៏ដូចជាទៅពិគ្រោះជាមួយពេទ្យជាប្រចាំ ដើម្បីឲ្យប្រាកដក្នុងចិត្តថា ការចាប់កំណើតរបស់កូន ប្រកបដោយសុខភាពល្អបរិបូណ៌។

ទន្ទឹមនឹងដំណឹងនេះ នាងក៏បានបង្ហើបឲ្យដឹងថា នាងនឹងក្លាយអ្នកតំណាងផលិតផលម្សៅទឹកដោះគោដ៏ល្អមួយ នាពេលឆាប់ៗខាងមុខនេះ តែនាងសុំលាក់ទុកមិនបង្ហើបពី ម៉ាកផលិតផលនោះមួយរយៈពេលខ្លីសិន ដើម្បីខាងក្រុមហ៊ុនធ្វើពិធីប្រកាសជាផ្លូវការ នៅចុងខែកុម្ភៈខាងមុខនេះ។

បើតាមការសង្កេតលើការយកចិត្តទុកដាក់ចំពោះសុខភាពរបស់នាង ជឿជាក់ថា DJ Nana ប្រហែលជាមិនជ្រើសរើសផលិតផលអន់ៗនោះទេ ចឺងយើងចាំមើលទាំងអស់គ្នាថា ជាផលិតផលអី៕