(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) គ្រោងបើកកញ្ចប់ទឹកប្រាក់ប្រមាណ ៥០០លានអឺរ៉ូ ក្នុងការរួមចំណែកជួយដល់ក្លិប ដែលបានជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលនៃការរាតត្បាតដោយវីរុសឆ្លង COVID-19 ដោយាសារលីគត្រូវបានពន្យារពេល។

សម្រាប់ថវិការដែលមានដល់ទៅ ៥០០លានអឺរ៉ូនេះ ត្រូវបានបង្កើតឡើងក្នុងការជួយទប់លំនឹងដល់ក្លិបដែលជួបបញ្ហាហិរញ្ញវត្ថុ នឹងអាចជួយក្លិបទាំងឡាយណាដែលមិនអាចទាមទារលុយមកវិញ ពីការលក់សិទ្ធិផ្សាយឲ្យទូរទស្សន៍នៅអំឡុងពុំមានការប្រកួត ខណៈថវិការនេះនឹងត្រូវបង់សងវិញក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ក្នុងនោះដែរអតីតអ្នកចាត់ការក្លិប FC Barcelona លោក Pep Guardiola ដែលបច្ចុប្បន្នជាអ្នកចាត់ការក្លិប Manchester City របស់អង់គ្លេស ក៏បានរួមចំណែកជួយជាថវិការប្រមាណ ១លានអឹរ៉ូក្នុងការទប់ស្កាត់ និងប្រឆាំងវីរុស COVID-19 នៅប្រទេសអេស្ប៉ាញដែរ ខណៈបច្ចុប្បន្នមាន ៧៣៨នាក់បានស្លាប់ និង ៣៤៣៤ករណីបានឆ្លង ដែលជាចំនួនច្រើនជាងប្រទេសចិន ដែលជួបបញ្ហានេះមុនគេទៅទៀត៕