(ចិន)៖ បន្ទាប់ពីការផ្អាកក្នុងការធ្វើដំណើររយៈពេល ២ខែមកនេះ ការដឹកជញ្ជូនសាធារណៈទាំងរថភ្លើងក្នុងនិងក្រៅប្រទេស នៅតាមតំបន់មួយចំនួននៃខេត្តហ៊ូប៉ី ប្រទេសចិន នឹងបន្តដំណើរការឡើងវិញជាបណ្ដើរៗ លើកលែងតែរថភ្លើងនៅក្នុងក្រុងវូហាន ដែលជាទីតាំងប្រភពជម្ងឺដែលបានផ្ទុះឡើង។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី២៦នេះ។

រថភ្លើងធ្វើដំណើរទៅក្រុងវូហាន នឹងចាប់ផ្តើមនៅឡើងវិញថ្ងៃសៅរ៍នេះ ប៉ុន្តែចំពោះការចាកចេញពីតំបន់នោះនឹងមានការបិទដដែលរហូតដល់ថ្ងៃទី៨ ខែមេសា នាពេលខាងមុខនេះ។ ដោយឡែករថយន្ដក្រុង និងរថភ្លើងក្រោមដីភាគច្រើន បានដំណើរការរួចមកហើយ រវាងចន្លោះរយៈពេលពីរថ្ងៃមកនេះ។ អ្នកដំណើរនីមួយៗក៏មានការតម្រូវឲ្យធ្វើការបង្ហាញកូដសម្គាល់ ដែលបញ្ជាក់ពីស្ថានភាពសុខភាពត្រឹមត្រូវ និងតម្រូវឲ្យមានការពាក់ម៉ាសមុខគ្រប់ៗគ្នា៕