(ចិន)​៖ តំបន់ទេសចរណ៍ជាច្រើននៅក្នុងប្រទេសចិន ដូចជាទីតំបន់មហាកំផែង បានចាប់បើកដំណើរការឡើងវិញម្ដងទៀត ក្រោយត្រូវបានផ្អាកដំណើរការអស់រយៈពេលជិតពីរខែមកនេះ ស្ថិតក្រោមស្ថានភាពផ្ទុះឡើងនៃមេរោគវីរុសកូរ៉ូណា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

ឧទ្យានសាកវប្បកម្មអន្តរជាតិនៅឯទីក្រុងប៉េកាំង រួមទាំងឧទ្យានបឹងព្រៃជាតិទីក្រុងប៉េកាំង នឹងបន្តបើកដំណើរការវិញសារជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពី​បើកដំណើរការឡើងវិញនូវតំបន់មួយចំនួន ដូចជាតំបន់ទេសភាពឈីងជាំងហ្វាងសាន យើងសង្កេតឃើញថា វត្តមានភ្ញៀវទេសចរជាច្រើនកុះករមកចូលរួម។ ចំពោះដំណើរការឡើងវិញនៃទីកន្លែងទេសចរណ៌នេះ គេមានការចែកចេញជាថ្នាក់ៗដោយក្នុងនោះចំនួនបួនទីតាំងស្ថិតក្នុងថ្នាក់ ៥A និង ៣៩ ទីតាំងស្ថិតក្នុងថ្នាក់ ៤A ដែលទីតាំងទាំងនោះភាគច្រើនយើងអាចគយគន់ផ្ទាំងទស្សីយភាពផ្កាជាច្រើនប្រភេទ គ្របដណ្ដប់ពាសពេញតំបន់នោះផ្ទាល់តែម្ដង៕