(ភ្នំពេញ)៖ លោក អ៊ុំ យូរ៉ាន់ អតីតប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអតីតសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ៧៖៥៧នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយសារជំងឺគាំងបេះដូង។

តាមការបញ្ជាក់របស់សាច់ញាតិសព បានឲ្យដឹងថា បច្ចុប្បន្នសពរបស់អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននេះ បានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយគ្រោងនឹងធ្វើពិធីបូជា នាថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ចុងសប្ដាហ៍នេះ ។

ទន្ទឹមជាមួយការទទួលបានដំណឹងដ៏ក្រៀមក្រំនេះដែរ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចូលបច្ច័យចំនួន ១លានរៀល និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលបច្ច័យចំនួន ៤សែនរៀល តាមរយៈតំណាងរបស់ខ្លួន ដល់គ្រួសារសពលោក អ៊ុ យូយ៉ាន់ ផងដែរ ។

គួរបញ្ជាក់ថា លោក អ៊ុំ យូរ៉ាន់ ធ្លាប់បានចំណាយពេលជាង ១០ឆ្នាំ ដើម្បីដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩ ពោលគឺមានរយៈពេល ២អាណត្តិ មុនផ្លាស់ប្ដូរប្រធានថ្មី គឺលោក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបច្ចុប្បន្ន៕