​(ភ្នំពេញ)៖ តារាពន្លកថ្មីក្នុងវិស័យសិល្បៈ​នាង សៀវ ម៉ី បានយកថ្ងៃខួបកំណើតរបស់កូន ផ្អាកការជួបជុំសប្បាយរីករាយ ក្នុងបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្នុងនោះនាងបានយកថ្ងៃពិសេសនេះ ធ្វើជាការចែកទាន ចែកសម្ភារៈសិក្សា ដល់កុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងខេត្តកំពង់ឆ្នាំង។

ការធ្វើទានរបស់​អ្នកនាង សៀវ ម៉ី ដែលបានឧបត្ថម្ភដល់ក្មេងៗ ក្នុងឱកាសខួប៩ឆ្នាំ​របស់កូនប្រុស ធ្វើឲ្យម្នាក់ៗមានការលាន់មាត់សរសើរ ដែលអ្នកនាងពិតជាជោគជ័យ ក្នុងមុខជំនួញ និង​ជីវិតឯកជន​ ដោយទើបតែទិញពេជ្រច្រើនឈុតរាប់ម៉ឺនដុល្លារ ឥឡូវបង្អួតរថយន្តតម្លៃជាងកន្លះលានដុល្លារទៀត។ ហើយអ្វីដែលគួរឲ្យសរសើរ គឺអ្នកនាង​ជាមនុស្សធ្វើបុណ្យធ្វើទាន ដោយធ្វើរាប់មិនអស់ តែកម្របង្ហាញជាសារធារណៈ ពោលគឺទាល់តែអ្នកទទួលជំនួយបង្ហោះបន្ត ទើបមានអ្ន​កខ្លះដឹង។

​តំណាងមណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង ព្រះតេជគុណ Sophorn ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sophorn Konkhmer ​បានសរសេរបង្ហោះថា «ថ្ងៃនេះមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង បានទទួលអំណោយ សំរាប់ឧបត្ថម្ភកុមារកំព្រា ស្នាក់នៅក្នុងមណ្ឌលមានជាប្រាក់ ៧០០.០០០រៀល គ្រឿងឧបភោគ បរិភោគមួយចំនួន និង​ខោអាវកីឡា​មួយកំប្លេរ សំរាប់ក្មេង២៦នាក់ ពីលោកស្រី ព្រះ​នាងតូច។ មន្រ្តី និង​កុមារកំព្រាទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តជ្រះថ្លាមួយនេះ ដែលបានជួយដល់កុមារកំព្រា សូមជូនពរឲ្យលោកស្រីមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងឲ្យជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ!»​។

សូមបញ្ជាក់ថា តារាពន្លកថ្មី និងជាអ្នកលេងហ្វេសប៊ុកដ៏ល្បី សៀវម៉ី ​គឺជាម្ចាស់ផលិតផល EiEi និងជាម្ចាស់ផេក Siv Mey Online Shop។ ក្រៅពីធ្វើទានក្នុងថ្ងៃខួបហើយនោះ អ្នកនាងក៏បានផ្ដល់ឲ្យកូនប្រុសនូវកាដូរជា​​រថយន្តម៉ាកល្បី Lamborghini Urus 2020 ដែលត្រូវគេដឹង មានតម្លៃរហូតដល់ជាង៥០ម៉ឺនដុល្លារ​​​ ដើម្បីអបអរដល់ខួបកូនប្រុសច្បងវ័យ៩ឆ្នាំរបស់អ្នកនាងផងដែរ៕