(ម៉ាឌ្រីដ)៖ លោក Jaiver Tebas ប្រធានសហព័ន្ធ La Liga បានបង្ហើបថា ព្រឹត្តិការណ៍លីគកំពូលអេស្ប៉ាញ អាចនឹងចាប់ផ្តើមប្រកួតឡើងវិញ ប្រសិនបើជំងឺ COVID-19 មានភាពធូរស្បើយ ពោលគឺនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។

អេស្ប៉ាញ បានផ្អាកប្រកួតគ្រប់ប្រភេទកីឡាទាំងអស់គិតចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ពោលគឺក្រោយពេល Atletico Madrid បានទម្លាក់ Liverpool ចេញពី UEFA Champions League ដោយសារ COVID-19 រាតត្បាតខ្លាំងទូទាំងទ្វីបអឺរ៉ុប។

ជាមួយគ្នានោះ បុរសសញ្ជាតិអេស្ប៉ាញខាងលើ ក៏បានគូសបញ្ជាក់ពីកីឡាករគ្រប់ក្លិបអាចវិលមកហ្វឹកហាត់វិញ នៅអំឡុងថ្ងៃទី២៦ ខែមេសាផងដែរ និងបន្តរង់ចាំដល់ចុងខែឧសភាទើបអាចប្រកួតបាន តែប្រកួតបើក ឬបិទទ្វារកីឡដ្ឋាន លោក Tebas មិនបានបញ្ជាក់ឡើយ។

លោក Tebas បានបញ្ជាក់យ៉ាងខ្លីបា្រប់ BBC ថា «យើងមិនអាចប្រាប់ពីកាលបរិច្ឆេទជាក់លាក់នៃការត្រឡប់របស់ La Liga បានទេ ខណៈយើងចាំមើលចំណាត់ការរបស់អាជ្ញាធរនៃប្រទេសអេស្ប៉ាញទាំងស្រុង ក៏ប៉ុន្តែយើងអាចចេញហ្វឹកហាត់ មុនការប្រកួតមកដល់បាន»