(ភ្នំពេញ)៖ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងជាតំណាងអ្នកសិល្បៈក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកថវិកា​ បានមកពីសិល្បករ-សិល្បការិនី ដែលបានចូលរួមបរិច្ចាគ តាមទឹកចិត្តជ្រះថ្លារៀងៗខ្លួន ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់លោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថវិកាដែលប្រមូលបាន តាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានពីសិល្បករ-សិល្បការិនី មានចំនួន ៣៩,១៨៥ ដុល្លារអាមេរិក។ បើតាមសមាគម​សិល្បករខ្មែរបានបញ្ជាក់ថា «ជូនបងប្អូនសិល្បករ-សិល្បការិនី ដែលជាសប្បុរសជនទាំងអស់ ថ្ងៃនេះអ្នកនាង ចន ច័ន្ទលក្ខិណា តំណាងឲ្យសមាគមសិល្បករខ្មែរ បានយកថវិកាសរុបចំនួន ៣៩.១៨៥ ដុល្លារ ទៅប្រគល់ជូនឯកឧត្តម សេង ទៀង រួចរាល់អស់ហើយ»

សមាគមបន្តទៀតថា ជាមួយគ្នានេះ «លិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន លោកបានចុះហត្ថលេខា នូវបញ្ជីរាយនាមសប្បុរសជនលើកទី១ នឹងបន្តចុះហត្តលេខា នៅវគ្គបន្តបន្ទាប់ទៀត»

យ៉ាងណាមិញ ទោះបីជាស្ថិតក្នុងកាលៈទេសៈជំងឺកូវីដ១៩ កំពុងរាតត្បាតនេះ សកម្មភាពរបស់អ្នកសិល្បៈ ហាក់មានសភាពស្ងប់ស្ងាត់ ធ្វើឲ្យ​ប៉ះពាល់ដល់ចំណូលរបស់ពួកគេក្ដី ក៏អ្នកសិល្បៈទាំងអស់​ បានបង្ហាញនូវទឹកចិត្ត ស្រឡាញ់មាតុភូមិ ស្រឡាញ់បងប្អូនរួមឈាមជាមួយគ្នា ដោយបានធនធានចូលរួមតាមការអំពា​វនាវ យ៉ាងសស្រាក់សស្រាំ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះ និងការពារ​ជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង​តែ គំរាមកំហែងទូទាំងពិភពលោកនេះ៕