(ភ្នំពេញ)៖ បើគេនៅចាំមិនភ្លេច កញ្ញា ទេព ស្រីពៅ បានបង្ហាញវត្តមានសម្តែងភាពយន្ត ជាតួអង្គសំខាន់ម្នាក់ ក្នុងរឿង «ដើម្បីកូន» ដែលជាស្នាដៃលោក ហ៊ុយ យ៉ាឡេង ដែលធ្វើឲ្យតារាស្រីដួងនេះ កាន់តែមានប្រជាប្រិយភាព និងស្ថិតក្នុងក្រសែរភ្នែករបស់ផលិតករជាច្រើន។ ថ្មីៗនេះនាង ស្រាប់តែទទួលបានតំណែង ជាតួឯកស្រីតែម្តងក្នុងខ្សែភាពយន្តខ្នាតធំមួយ ក្រោមចំណងជើងថា «ព្រលឹងល្បុក្កតោ» ដែលគ្រោងនឹងបញ្ចាំងនៅដើមឆ្នាំ២០២០នេះ ប៉ុន្តែត្រូវខកខានដោយសារកូវីដ១៩។ យ៉ាងណាមិញ ងាកមកជីវិតឯកជនវិញ តើនាងមានអាថ៌កំបាំងពីក្រោយខ្នងអ្វីខ្លះ ដែលទស្សនិកជនមិនទាន់បានជ្រាប ក្រៅពីប្រជាប្រិយភាពក្នុងវិស័យសិល្បៈហាក់មានសន្ទុះ ក្នុងនាមជាតារាស្រីពន្លកថ្មី?

ជាការកត់សម្គាល់ ផ្តើមពីការល្បីឈ្មោះបោះសំឡេងក្នុងសង្គម Tik Tok តារាសម្ដែងពន្លកថ្មីសំបូរសាច់ ដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់ កញ្ញា ទេព ស្រីពៅ ត្រូវបានគេដឹងថា ទើបតែភ្ជាប់ពាក្យហើយថ្មីថ្មោង និងគ្រោងរៀបការនៅថ្ងៃខាងមុខជាមួយនឹងគ្រូសៀកម្នាក់ ដែលមានឈ្មោះថា សូវីត ត្រូវជាកូនប្រុសរបស់កំពូលតារាសម្តែងសៀកដ៏ល្បី លោកសូឡូ។ ទំនាក់ទំនងរបស់តារាប្រុសស្រីមួយគូនេះ​ ហាក់គ្មានអ្វីលាក់បាំងភ្នែកមហាជនឡើយ។ ផ្ទុយទៅវិញ អ្នកទាំងពីរតែងតែបង្ហាញជាសាធារណៈ នូវចំណងស្នេហ៍របស់ពួកគេ។

យ៉ាងណាមិញ សម្រាប់អាថ៌កំបាំងផ្សេងពីនេះ ពាក់ព័ន្ធនឹងរឿងឯកជន ព្រមទាំងការងារសិល្បៈយ៉ាងណានោះ កញ្ញាទេព ស្រីពៅ នឹងចូលមកបង្ហាញទស្សនិកជនឲ្យបានជ្រាបកាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅ ឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ នាទី ដល់ម៉ោង ៨៖០០ នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕