(ហ្សូរិច)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់បញ្ហាកីឡាករបាល់ទាត់ ដែលគ្រោងនឹងបញ្ចប់កិច្ចសន្យានាថ្ងៃទី៣០ ខែមិថុនា ខាងនេះត្រូវបានសហព័ន្ធ FIFA ប្រកាសពន្យារពេលក្នុងរយៈពេលខ្លី ក្រោមការពិភាក្សាពីសមាជិកដែលពាក់ព័ន្ធ ខណៈបញ្ហាទីផ្សារដោះដូរកីឡាករនារដូវក្តៅក៏ត្រូវបានលើកពេលដែរ។

បច្ចុប្បន្នភាគីទាំងអស់បានរំពឹងថា ការប្រជែងដែលត្រូវបានបិទបញ្ចប់នាខែមិថុនា សម្រាប់រដូវកាល ឆ្នាំ២០១៩-២០២០ នឹងមិនអាចកើតមានឡើងនោះទេ ក្រោយមានការពិភាក្សារួមគ្នារវាងភាគីធំៗ ដោយបានព្រមព្រៀងក្នុងសំណើថ្មីដែលត្រូវបានអនុញ្ញាតពីក្រុមប្រឹក្សា FIFA ក្នុងលក្ខខណ្ឌដែលក្រុមកីឡាករផុតកិច្ចសន្យាចុងខែមិថុនា គឺត្រូវបន្តរហូតរដូវកាលនេះចប់ចុងចប់ដើមនៅមុនពេលរដូវកាលថ្មីចាប់ផ្តើម។

ជាទូទៅ គ្រប់លីគទាំងអស់ ជាពិសេសនៅតំបន់អឺរ៉ុប នឹងបញ្ចប់ជាស្ថាពរនៅបំណាច់ខែឧសភា ម្នពេលរដូវកាលដោះដូរកីឡាករនឹងត្រូវធ្វើឡើងនាខែកក្កដា និងខែមករាជារៀងរាល់ឆ្នាំ តែកាលបរិច្ឆេទ ត្រូវបានផ្លាស់ប្តូរ ដោយសារពិភពលោកទាំងមូលជួបវិបត្តិ COVID-19៕