(ភ្នំពេញ)៖ បើនិយាយពីតួឯកប្រុសក្នុងរឿង «ផ្កាថ្ម» ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយ ដោយ​ក្នុងរឿងលោកមានឈ្មោះថា «បុត្រ» និងឈ្មោះក្រៅហៅថា ណាខុននោះ។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ តារាប្រុសរូបនេះតែងតែធ្វើឱ្យទស្សនិកជនមិនតិចទេ លង់នឹងទេពកោសល្យការសម្តែងរបស់លោក ក្នុងរឿង «ផ្កាថ្ម» ដែលជាភាពយន្តកំពុងពេញនិយមនៅសព្វថ្ងៃនេះ។ តាមរយៈប្រជាប្រិយភាពទាំងនេះ បានធ្វើឱ្យមហាជន​ចង់ដឹងពីរឿងរ៉ាវឯកជនរបស់លោក ជាពិសេសរឿងស្នេហានេះតែម្តង ថាតើ តារាប្រុសរូបនេះ មានគូកំណាន់ចិត្តហើយឬនៅ? ទាំងនេះ លោកនឹងចូលរួមបកស្រាយក្នុងកិច្ចសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ លោក ណាខុន ត្រូវបានគេដឹងថា ហាក់មានប្រជាប្រិយភាពខ្លាំង និងមានទស្សនិកជនស្គាល់ច្រើន តាមរយៈចូលរួមសម្តែងភាពយន្ត «ផ្កាថ្ម» របស់ផលិតកម្មហង្សមាស ដែលធ្វើជាតួឯកជាមួយនឹងស្រីស្រស់ មាន សូនីតា។ ក្រៅពីនេះ រាល់ភាពយន្ត ដែលលោកសម្តែងភាគច្រើន សុទ្ធសឹងតែទទួលបាននូវការកោតសរសើរ ពីផលិតករ និងទស្សនិកជន ដោយសារតារារូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារនោះតែ ថែមទាំងពោរពេញដោយសមត្ថភាព ទេពកោសល្យខាងសិល្បៈទៀតផង។ ទាំងនេះជាហេតុធ្វើឱ្យ លោក ណាខុន មានទីផ្សារមិនចេះចប់តែម្តង។

ទន្ទឹមគ្នាក្រៅពីការបង្ហាញនូវឈុតឆាកសម្តែងក្នុងសិល្បៈហើយនោះ ទស្សនិកជនជាច្រើន កំពុងតែអន្ទះសារចង់ដឹងបីជីវិតក្រៅឆាករបស់លោកតែម្តង ថាតើទំរាំក្លាយជាតារាសម្តែងមានប្រជាប្រិយភាពមកទល់នឹងសព្វថ្ងៃ លោក ណាខុន បានឆ្លងកាត់អ្វីខ្លះ។ មួយវិញទៀត ទាក់ទងនឹងរឿងផ្ទាល់ខ្លួនតើយ៉ាងណាទៅហើយ បានន័យថា ទាំងជីវិតគ្រួសារ និងរឿងរ៉ាវស្នេហា ដែលទស្សនិកជនមិនទាន់បានដឹង។

ដើម្បីឲ្យទស្សនិកជន ជ្រាបកាន់តែច្បាស់នូវរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន លោក ណាខុន  នឹងចូលខ្លូនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕