(ភ្នំពេញ)៖ ជំនួបរវាងក្រុមអង្គរថាយហ្គឺរ នឹងត្រូវប៉ះក្រុមជើងឯកចាស់ បឹងកេតអែហ្វស៊ី ធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា នាកីឡដ្ឋានខេត្តសៀមរាបចុងសប្តាហ៍នេះ នៃកម្មវិធីប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២១ ម៉ោង ១៥៖៣០រសៀល។

អង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី២០ កន្លងទៅ បានយកឈ្នះក្រុមបាតតារាងវេស្ទើនភ្នំពេញ ក្នុងលទ្ធផល ៣-១ នៅក្នុងទឹកដីនៃកីឡដ្ឋានវេស្ទើនភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ដោយឆ្លងកាត់២០ប្រកួតកន្លងមកនេះ ថាយហ្គឺរ ឈ្នះ៧ដង ស្មើ៥ដង និងចាញ់៨ដង។

ចំណែកក្រុមជើងឯកចាស់បឹងកេតរិញ កាលពីសប្តាហ៍ទី២០កន្លងទៅ បានបំបាក់អគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល ៥-០ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ដោយឆ្លងកាត់២០ប្រកួតដូចគ្នា បឹងកេត ឈ្នះ ១៥ដង ស្មើ៣ដង និងចាញ់២ដង។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២១ អង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ មាន២៦ពិន្ទុ និងជួបក្រុមខ្លាំងបឹងកេត ដែលមានកីឡាករ ចាន់ វឌ្ឍនាកា កំពុងឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤៨ពិន្ទុ៕