(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលបានមេដាយសន្តិភាពពិភពលោក (World Summit Peace) ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧។ ការទទួលបានមេដាយនេះ អមជាមួយទឹកប្រាក់ ១លានដុល្លារផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូនពរ និងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចទទួលបាន «មេដាយសន្តិភាព ពិភពលោក World Summit Peace» ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧។
នេះគឺជាមហាកិត្តិយសដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តយ៉ាងជោគជ័យនូវ «គោលនយោបាយឈ្នះ-ឈ្នះ» ដែលជាការប្តេជ្ញាចិត្ត ប្រកបដោយភាពម្ចាស់ការខ្ពស់ ក្នុងការស្វែងរកដំណោះស្រាយនយោបាយបង្រួបបង្រួមជាតិ និងបង្ហាញឱ្យពិភពលោកបានឃើញនូវគំរូវីរភាពនៃការស្វែងរកសន្តិភាពជូនប្រជាជាតិកម្ពុជាទាំងមូល។
ជាថ្មីម្តងទៀត យើងខ្ញុំសូមគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងសូមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រីជាទីគោរពស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណ៍ កុំបីឃ្លៀងឃ្លាតឡើយ៕