(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើត «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។

ក្នុងចេញសារលិខិតជូនពរ បានសរសេរយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើត «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសម្តែងនូវអំណរសាទរ ក្នុងមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេច ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃក្នុងបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ ឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើនគួរឲ្យមោទនភាពបំផុត។

រយៈពេលជាង៤ទស្សវត្សកន្លងមកនេះ ក្នុងវីរភាពដ៏អស្ចារ្យរបស់សម្តេច ដែលបានបូជាកម្លាំងកាយ បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ រួមចំណែកធ្វើឲ្យកម្ពុជា ទទួលបានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ មានស្ថិរភាព សន្តិភាព ឯកភាពជាតិរឹងមាំ រហូតធ្វើឱ្យមាតុភូមិអង្គរនៃយើង បោះជំហានលើមាគ៌ាអភិវឌ្ឍន៍ គួរជាទីមោទនៈ ដែលយើងខ្ញុំទាំងអស់គ្នាចងចាំជាប់ជានិច្ច ក្នុងក្រអៅបេះដូងនូវគុណូបការៈដ៏ថ្លៃថ្លានេះ ព្រមទាំងសូមប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារសមិទ្ធផលរបស់សង្គមជាតិ និងមរតកដ៏មានតម្លៃឧត្តុងឧត្តម របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានេះ។

ខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពជាទីបំផុត និងសូមយកឱកាសដ៏មហាថ្លៃថ្លានេះ ប្រសិទ្ធិពរបវរមហាប្រសើរជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវស្សា សូម សម្តេច សមប្រកបដោយសុភមង្គល វិបុលសុខគ្រប់ប្រការ និងពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅដើម្បីបន្តរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព សុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕