(សៀមរាប)៖ វស្សានរដូវឈានដល់ជម្រះជម្រុះស្លឹករុក្ខា នភាប្រែកល់បាំងសែងអាទិត្យ ពិរុណបង្អុរស្រោចស្រពពសុធា ទឹកហូរចូលអូរៗហូរចូលស្ទឹង ក្នុងនោះស្ទឹងរលួសក៏ពេញប្រៀបទៅដោយរំហូរគង្គា ហូរហួសចូលបឹងតូចល្មមមួយនៅក្នុងសហគមន៍បាគងភូមិខ្ញុំ ដែលជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយប្រចាំស្រុកប្រាសាទបាគង នៃដែនដីសៀមរាប-អង្គរយើង។

ប្រតិដ្ឋក្បែរខាងកើតតំបន់ប្រាសាទបាគង «សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ» បានបង្កើនការរចនាសោភ័ណភាពស្រស់ស្អាតលើសមុនគួរជាទីភិរម្យ ពិសេសគឺក្នុងរដូវវស្សានេះតែម្ដង ខណៈទេសភាពធម្មជាតិ ចម្ការសួនដំណាំ សួនផ្កាចម្រុះប្រភេទ ការតុបតែងលម្អសិល្បៈចម្រុះសម័យ ឧបករណ៍ប្រើប្រាស់ជំនាន់មុនៗ វត្ថុអនុស្សាវរីយ៍ ការរៀបចំបម្រើសេវាកម្ម និងផលិតផលទេសចរណ៍ជាច្រើនទៀត សុទ្ធតែអាចបំពេញតាមចិត្តប៉ងគួចប្រាថ្នារបស់ភ្ញៀវទេសចរជិតឆ្ងាយ។

ភ្ញៀវទេសចរដែលឆ្លងកាត់ខេត្តសៀមរាប ឬអ្នកដែលទៅទស្សនាប្រាសាទបាគង ប្រាសាទព្រះគោ ក៏ដូចជាតំបន់រមណីយដ្ឋានអង្គរផងនោះ គួរតែកុំរំលងការទៅទស្សនានៅសហគមន៍ទេសចរណ៍មួយនេះឱ្យសោះ។

លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ១៩ សហគមន៍ទេសចរណ៍របស់លោកបាននិងកំពុងអនុវត្តយ៉ាងចិត្តទុកដាក់នូវវិធានការ «៣-ការពារ ៣-កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាវិធានសុខាភិបាល វិធានអនាម័យ និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ហើយសហគមន៍ក៏មិនភ្លេចអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍នោះដែរ។

លោក សូត្រ សួរ បានបន្តថា ជារឿយៗ រដ្ឋបាលខេត្តសៀមរាប តាមរយៈមន្ទីរទេសចរណ៍ខេត្ត បានចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ជាច្រើនលើកដល់សហគមន៍បាគងភូមិខ្ញុំ ដើម្បីពង្រឹងការការពារសុវត្ថិភាពសុខភាពជូនភ្ញៀវទេសចរ។ សហគមន៍ទេសចរណ៍ក៏បានអនុវត្តតាមសេចក្ដីណែនាំ សេចក្ដីប្រកាស សេចក្ដីជូនដំណឹង និងលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលខេត្ត និងអាជ្ញាធរ មិនហ៊ានប្រហែសឡើយ។

ដើម្បីចូលរួមជួយដល់ប្រជាសហគមន៍ និងរក្សាការងាររបស់បុគ្គលិកដែលជាកូនចៅរបស់ប្រជាជននៅជុំវិញ ក៏ដូចជាដើម្បីទប់លំនឹងដំណើរការរបស់សហគមន៍ផងនោះ ឥលូវនេះ លោក សូត្រ សួរ ប្រធានសហគមន៍ដ៏ចំណានក៏បានបន្ថែមនូវសេវាកម្មមួយបែបទៀត នោះគឺសេវាកម្មវេចខ្ចប់គ្រឿងបរិភោគបម្រុង និងម្ហូបអាហារចម្អិនស្រាប់ សម្រាប់លក់ជូន-ផ្ញើជូនអតិថិជន ទោះបីនៅរាជធានីភ្នំពេញ ឬនៅខេត្ត/ស្រុកជិតឆ្ងាយក៏ដោយ ក្នុងនោះមានដូចជា ត្រីងៀត ត្រីប្រឡាក់ សាច់ក្រក កង្កែបបោប ប្រហុកខ្ទិះ ប្រហុកចញ្ច្រាំ ផ្អក ម៉ាំ ទឹកម្ទេស ទឹកជ្រលក់ និងគ្រឿងបរិភោគបម្រុងជាច្រើនមុខទៀត ដែលភាគច្រើនរកបាន ចិញ្ចឹម ឬដាំដុះបានដោយប្រជាសហគមន៍។

ការចូលរួមលើកស្ទួយដល់ជីវភាពប្រជាសហគមន៍បែបនេះហើយ ដែលរឹតតែធ្វើឱ្យប្រជាជននៅជុំវិញនោះបង្កើនការចូលរួមជាមួយលោក សូត្រ សួរ ដើម្បីរួមគ្នាការពារសហគមន៍ពីការរាតត្បាតជំងឺកូវីដ និងលើកស្ទួយការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ហើយក៏ជាសូចនាករដ៏ពិសេសមួយក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ។

ជាការពិតណាស់ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ភ្ញៀវទេសចរពិតជាខកខាន ឬពិបាកក្នុងការទៅទស្សនាសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ឬតំបន់ទេសចរណ៍ផ្សេងទៀត អ្នកខ្លះគឺមានការនឹករឭកដល់ទីរមណីយនេះដែរ ដូច្នេះហើយទើបក្រុមការងារ Fresh Studio បានផ្ដិតយករូបភាពខ្លះៗនៅក្នុងសហគមន៍បាគងភូមិខ្ញុំ មកបង្ហាញជូនទស្សនិកជន និងភ្ញៀវទេសចរ គ្រាន់សម្រួលភាពស្មុគស្មាញបានមួយកម្រិត ចាំដល់ថ្ងៃណាអាចទៅទស្សនាបាន សឹមទៅទស្សនាកម្សាន្តផ្ទាល់តែម្ដង៕

សូមទស្សនារូបភាពមួយចំនួននៅ «សហគមន៍បាគងភូមិខ្ញុំ»៖