(ភ្នំពេញ)៖ ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទើបតែបានលេចរូបរាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងក្នុងពេលថ្មីៗនេះ។

ពិធីសម្ពោធជាផ្លូវការ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

ការសម្ពោធសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្មនិងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជនគ្រប់ពេលវេលាប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។

ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល។

ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែមពីសេចក្តីរាយការណ៍ពីសមិទ្ធផលដែលទទួលបានកន្លងមកថា «ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបញ្ចេញផលិតផលថ្មីមួយទៀតទៅក្នុងទីផ្សារ គឺផលិតផលកាតដែលនឹងនាំយកអត្ថប្រយោជន៍ដែលពុំមានពីរ ប្រកបដោយប្រណីតភាព និងសម្បូរបែបបំផុតមកជូនអតិថិជនរបស់យើងក្នុងពេលឆាប់ៗផងដែរ»

ក្នុងឱកាសនោះ លោក ជា ចាន់តូ បានថ្លែងអបអរសាទរ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង ដែលបានបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងការពង្រីកបណ្តាញសហប្រតិបត្តិការ តាមរយៈការបើកសាខាថ្មីៗជាបន្តបន្ទាប់។

លោកសង្ឃឹមថា ធនាគារនឹងបន្តចូលរួមចំណែកក្នុងការពង្រីកសេវាធនាគារឲ្យកាន់តែទូលំទាយ តាមរយៈការនាំមកនូវបទពិសោធន៍ បច្ចេកវិទ្យា និងផលិតផលហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជនថែមទៀត នាពេលបច្ចុប្បន្ននិងអនាគត និងបន្តគោរពតាមច្បាប់និងបទបញ្ញត្តិ ដែលមានជាធរមាន៕