(ភ្នំពេញ)៖ ម្ចាស់ជ័យលាភីលេខ១ លេខ២ និងលេខ៣ ដែលសុទ្ធតែជាជើងខ្លាំងរបស់កម្ពុជានិងថៃក្នុងការប្រកួតរថយន្ត Off Road បានទម្លាយពីបទពិសោធន៍រៀងៗខ្លួនក្នុងការប្រកួតរួមគ្នានៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី កន្លងទៅ ព្រមទាំងសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលរបស់ខ្លួន។

គួរជម្រាបថា ការប្រកួតរថយន្ត Off Road មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ក្នុងនោះចំណាត់ថ្នាក់ក្រុម Hard Core (Class A) រួមមាន៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករថៃ Praseth Anuwet។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករកម្ពុជា ឡយ ភាល័យ មកពីក្លឹប Camcar។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករកម្ពុជា វង្ស គឹមហួត មកពីក្លឹប VKH Rising។
* ចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករកម្ពុជា ហ៊ុន និត មកពីក្លឹប BM។
* ចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡាករថៃ Puwadon Kriatsongsuk។

កីឡាករ Praseth ជាកីឡាករថៃនិងជាម្ចាស់ពានមាសលេខ១ បានថ្លែងថា ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំងក្នុងការមកចូលរួមប្រកួតជាមួយកីឡាករដទៃនៅប្រទេសកម្ពុជា ដោយបានបង្ហាញនូវការស្រលាញ់រាប់អានដល់ក្រុមលោកដែលជាកីឡាករមកពីបរទេស។ កីឡាករថៃចាស់វស្សារូបនេះបានមើលឃើញនូវការរៀបចំទីលានប្រណាំង១២ម៉ូទ័រផាកនេះ គឺពិតជាស័ក្តិសមសម្រាប់កីឡាប្រណាំងយានយន្ត ក្នុងនោះមានដូចជាផ្លូវកាច់កោង គ្រហក់ ជ្រលង ចម្រាក់ថ្ម ដែលរថយន្តប្រកួតនីមួយៗមិនងាយនឹងបើកបរឆ្លងកាត់ស្រួលនោះទេ។

គិតត្រឹមឆ្នាំនេះ កីឡាករ Praseth មានវ័យ៦១ឆ្នាំទៅហើយ ប៉ុន្តែលោកនៅតែមានឆន្ទៈចូលរួមប្រកួតយ៉ាងស្វាហាប់ រហូតដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតនៅក្នុងក្រុម Hard Core ដែលជាក្រុមមានកីឡាករខ្លាំងៗជាច្រើនរូប។

ជាម្ចាស់ពានលេខ២ កីឡាករ ឡយ ភាល័យ បានឱ្យដឹងថា ក្នុងការប្រកួតលើកនេះ លោកពិតជាបានយកបទពិសោធន៍ និងកម្លាំងកាយចិត្តរបស់ខ្លួនប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែដោយសារមានកំហុសបច្ចេកទេសខ្លះ ទើបត្រូវបានគណៈកម្មការរៀបចំការប្រកួតដកពិន្ទុខ្លះ ហើយធ្លាក់មកនៅលេខ២វិញ។

កីឡាករដែលបើកបររថយន្តរបស់ក្លឹប Camcar រូបនេះបានបន្តថា អ្វីដែលការសោកស្ដាយ គឺក្រុមលោកមិនអាចទទួលបានពានលេខ១ ដែលជាកិត្តិយសដ៏មានតម្លៃបំផុតក្នុងការប្រកួតលំដាប់អន្តរជាតិនេះ ប៉ុន្តែទោះជាយ៉ាងណា កីឡាករ ភាល័យ បានប្ដេជ្ញានឹងធ្វើឱ្យបានល្អជាងនេះក្នុងការប្រកួតលើកក្រោយ។

កីឡាករ ភាល័យ បានថ្លែងយ៉ាងដូច្នេះថា «ក្រុមការងារ Camcar នឹងប្រឹងប្រែងបំពេញនូវចំណុចខ្វះខាតបន្ថែមទៀត ដើម្បីឱ្យការប្រកួតលើកក្រោយ ទទួលបានចំណាត់ល្អ ក៏ដូចជាកុំឱ្យអ្នកគាំទ្រខកបំណង»។

ម្ចាស់ពានលេខ៣ កីឡាករ វង្ស គឹមហួត ក៏មានចិត្តសប្បាយរីករាយចំពោះការទទួលបានលទ្ធផលនេះដែរ ព្រោះថាក្នុងចំណោមរថយន្តចូលរួមប្រកួតក្នុងក្រុម Hard Core (Class A) សរុបចំនួន១៨គ្រឿងនោះ គឺសុទ្ធតែជើងខ្លាំងៗ ពិសេសជនជាតិថៃដែលនាំរថយន្តមកចូលរួមប្រកួត២គ្រឿងនោះក៏សុទ្ធតែជើងខ្លាំង និងជាម្ចាស់ពានរង្វាន់នៅប្រទេសថៃតាំងពីដើមមក។

កីឡាករ វង្ស គឹមហួត ពេញចិត្តចំពោះការផ្ដល់ពិន្ទុនិងចំណាត់ថ្នាក់ដល់អ្នកប្រកួតទាំងអស់ ដែលប្រកាន់នូវភាពយុត្តិធម៌ សុក្រឹតភាព ខណៈវិញ្ញាសាប្រកួតក៏មានភាពតឹងតែងជាងរាល់ដង ច្បាស់លាស់ជាងរាល់ដង ពិសេសរាល់ដំណាក់កាលនៃការប្រកួត (SS) ក៏ពិបាកជាងរាល់ដងដែរ ប៉ុន្តែលោកនៅតែអាចទទួលបាទលទ្ធផលយ៉ាងពេញចិត្តសម្រាប់ខ្លួនឯង និងអ្នកគាំទ្រទាំងឡាយ។

កីឡាករកម្ពុជាដែលធ្លាប់ឆ្លងកាត់សមរភូមិប្រកួតច្រើនដងរូបនេះបានបញ្ជាក់ថា ការប្រកួតលើកនេះគឺធ្វើបានល្អប្រសើរជាងពេលមុនៗ ព្រមទាំងទទួលបានបទពិសោធន៍កាន់តែច្រើនឡើង ហើយលោកប្ដេជ្ញាថានឹងប្រឹងប្រែងនៅក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីតបស្នងនូវការគាំទ្ររបស់អ្នកគាំទ្រដែលចូលចិត្តវិស័យកីឡាប្រណាំងយានយន្ត Off Road ព្រមទាំងលើកស្ទួយកិត្តិនាមជាតិកម្ពុជាផងដែរ។

យ៉ាងណាមិញ ក្រុមកីឡាករម្ចាស់ពានទាំងនេះសុទ្ធតែបានលើកទឹកចិត្តដល់យុវជនដែលមានចំណូលចិត្តចង់ចូលរួមក្នុងវិស័យរថយន្ត Off Road ក៏ដូចជាកីឡាប្រណាំងយានយន្តអាចចូលរួមហ្វឹកហាត់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនចាប់ពីពេលនេះទៅ។ ម្យ៉ាងទៀត នៅកម្ពុជាក៏មានទីលានដ៏ធំមួយនៅខេត្តមណ្ឌលគិរី ដែលមានលក្ខណៈស្ដង់ដា មានសមត្ថភាពក្នុងការរៀបចំ ភាពអព្យាក្រឹត ភាពយុត្តិធម៌សម្រាប់កីឡាករដែលចូលរួមប្រកួត និងកីឡាករដែលចង់មកហ្វឹកហាត់ផងដែរ៕